ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍វិស័យ ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន ជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។
កម្មវិធីនេះ នឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួល ក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រ WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និង ភាពធន់នឹងអាកាសធាតុ»។
កម្មវិធីនេះ រួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅ ក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅ ទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ កម្មវិធីនេះ នឹងផ្តោតសំខាន់លើការជួយដល់ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។
ជំនួយបច្ចេកទេសចំនួន ៦០០,០០០ ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយ បរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។
ក្នុងឆ្នាំ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ២៩% នៅទូទាំងប្រទេស និង ២0% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបានអនាម័យមូលដ្ឋាន ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅ តំបន់ជនបទ។
ការបន្ទោរបង់ពាសវាលពាសកាល ត្រូវបានអនុវត្តដោយអ្នករស់នៅ តាមតំបន់ជនបទប្រហែល ២ លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជម្ងឺ ឆ្លងតាមរយៈទឹក។
សូមបញ្ជាក់ថា ADB ជាដៃគូយូរអង្វែង ក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យ របស់ប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៥ មក។ ប្រជាពលរដ្ឋជាង ១ លាននាក់ ជាពិសេសប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ ៕