ភ្នំពេញ ៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតឥស្លាម ប៉ាគីស្ថានប្រចាំកម្ពុជា បានកោត សរសើរលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលបានខិតខំសម្រេច បានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន បានធ្វើឲ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងផុសផុល ដល់ការកាត់បន្ថយការបំពុល ដោយប្លាស្ទិក ដែលជាបញ្ហាសកល។

ការលើកឡើងរបស់លោកទូតនេះ ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣ កញ្ញា ។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ការប្រែប្រួលអាកាធាតុ នាំឲ្យមានគ្រោះហន្តរាយ ទឹកជំនន់ កាលពីឆ្នាំ២០២២ នៅប្រទេសប៉ាគីស្ថាន និងធ្វើឲ្យខូចខាតទ្រព្យ សម្បត្តិនិងបាត់បងជីវិតមនុស្សអស់ជាច្រើន។ ឆ្លើយតបនឹងបញ្ហានេះ ប៉ាគីស្ថានមានបំណងចូលរួម ជាមួយអន្តរជាតិ ជាពិសេសជាមួយកម្ពុជា ដើម្បីជំរុញកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងឆ្លើយតបនឹងញ្ហា នៃការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តីបាន ចែករំលែកយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានដែលបានដាក់ ចេញនាពេល កន្លងមក ជាពិសេសភាពស្អាតរបស់កម្ពុជាដែលកើត ចេញពីយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការិនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ជាង ៨,៥លាននាក់ ដែលមានបេះដូងស្អាតចិត្តស្អាត ធ្វើឲ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាមោទកភាពរបស់កម្ពុជា។

លោករដ្ឋមន្រ្តីបន្ថែមថា តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ប្រមូលសម្អាតសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន ដែលនៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងអាចសម្រេច បានគោលដៅគ្មានថង់ប្លាស្ទិកហើរតាមផ្លូវ ។ បន្ទាប់ពីភាពស្អាត កម្ពុជានឹង បន្ថែមនូវភាពបៃតង តាមរយៈការដាំដើម ឈើឲ្យច្រើន ។ ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានចែក ជូនប្រជាពលរដ្ឋដាំដើម ឈើជាង ១លាន៣សែន ដើមដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង៦០% នៅឆ្នាំ២០៥០ ។ លើសពីនេះ ភាពបៃតង នឹងរួមចំណែក ធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសបើក ឱកាសដល់អ្នកវិនិយោគ បៃតង ឲ្យមកវិនិយោគនៅកម្ពុជា និងទទួលបានហិរញ្ញប្បទានបៃតង សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ ៕
