ព័ត៌មានជាតិ

ABA ចូលរួមគាំទ្រជាថវិកា ៤០០លានរៀល ដល់គម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ធនាគារ ABA មានមោទនភាព ចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ ១០០,០០០ដុល្លារ) ជូនដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាព នៅតាមបណ្ដាយព្រំដែនកម្ពុជា។

មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ការអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងនេះ ត្រូវបានរំពឹងថា នឹងផ្ដល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ, លើកកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខ នៅតាមបណ្ដោយព្រំដែន។ ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា និងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម ABA នៅតែប្តេជ្ញាចិត្ត​បម្រើ​សេវា​ជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុល្អឯក និងគាំទ្រយ៉ាងសកម្មដល់គោលដៅ អភិវឌ្ឍន៍របស់ប្រទេសជាតិ។

ការរួមចំណែករបស់ ABA សម្រាប់គម្រោងនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍនៅតាម តំបន់ព្រំដែនឲ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព ដែលនឹងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីលើការបរិច្ចាគផ្នែកថវិកានេះ ធនាគារ ABA ក៏ផ្ដល់មធ្យោបាយឲ្យអតិថិជនពីគ្រប់ធនាគារ ក្នុងការចូលរួមបរិច្ចាគដោយផ្ទាល់ និងឥតគិតថ្លៃ សម្រាប់គម្រោង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ដើម្បីគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជាអតិថិជនរបស់ធនាគារនានា អាចស្គែនកូដ KHQR របស់ ABA ខាងលើ ជាមួយនឹងអេបធនាគាររបស់ពួកគាត់ ឬផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់លេខគណនី ABA របស់មូលនិធីដែលមានលេខ៖ 717 987 179 (គណនីប្រាក់រៀល) និង 717 997 179 (គណនីដុល្លារ) ដោយគណនីនីមួយៗមានឈ្មោះ ដូចគ្នាថា “Foundation for Border Inf”៕

To Top