ព័ត៌មានជាតិ

សត្វត្មាត ១២៧ក្បាល បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលជាការ បំបែកកំណត់ត្រាថ្មី

រូបភាព៖ USAID Morodok Baitang-មរតកបៃតង

ភ្នំពេញ ៖ វត្តមានសត្វត្មាតចំនួន ១២៧ក្បាល នៅ «ភោជនីយដ្ឋានត្មាត» បានបំបែកកំណត់ត្រាថ្មី ក្នុង​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង និងជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។

យោងតាមហ្វេសប៊ុក USAID Morodok Baitang-មរតកបៃតង បានឲ្យដឹងថា «យើងមានដំណឹងដ៏រំភើបរីករាយមួយ ដោយដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក ថ្មីៗនេះបានតាមដាន និងកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុត ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ! ចំនួនដែលបានកត់ត្រាឃើញ នៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នា នឹងចំនួនសត្វត្មាត សរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជា បានបូកសរុបឃើញមានចំនួនត្រឹមតែប្រហែល ១៣០ ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស»។

USAID បន្ថែមថា ប្រទេសកម្ពុជាជាជម្រក របស់សត្វត្មាតបីប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះ ត្រូវបានចុះជាប្រភេទ សត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការ សហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសព សត្វដទៃជាចំណី ហើយវាដើរ តួនាទី ជាអ្នកសម្អាតភាពកខ្វក់ទាំង នោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាព នៅក្នុងបរិស្ថាន ។

ទោះជាយ៉ាងណាក៏ដោយចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរ គឺ កង្វះអាហារ និង ការស្លាប់បណ្តាល មកពីការស៊ីសាកសពសត្វពុល ដែលបង្កដោយមនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជាកំពុងប្រឈម នឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។

ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាតគម្រោង USAID មរតកបៃតង សហការជាមួយសហការជាមួយដៃគូនានាបានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាពជារៀងរាល់សប្តាហ៍ដល់សត្វត្មាត ដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាងការស្វែងរកអាហារ ដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់។
រ៉ាយហ្ស៉ីង ហ្វីនិក បានបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging) ទៅលើសត្វត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់តែច្បាស់អំពីឥរិយាបថ នៃសត្វស្លាបជិតផុតពូជទាំងនេះ រួមទាំងធ្វើការស្វែងរក និងតាមដានសំបុកសត្វត្មាត ដើម្បីធានាសុវត្ថិភាពនៃការបន្តពូជរបស់ពួកវាផងដែរ។

USAID គូសបញ្ជាក់ថា ខណៈដែល «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» ឈានជិតចូលមកដល់ យើងពិតជាមានសេចក្តីរំភើបរីករាយ ក្នុងការចែករំលែកព័ត៌មានល្អៗ បន្ថែមអំពីសត្វស្លាប ដែលមានតួនាទីយ៉ាងសំខាន់ប្រភេទនេះ ៕

To Top