ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម (ARDB)នៅថ្ងៃទី៤ កញ្ញា បានអនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន៣ រួមមាន Jinshan Hi-Tech Group, Nature Home Group, និងក្រុមហ៊ុនGXAS High Technology Group ព្រមទាំងតំណាងកុងស៊ុល មកពីខេត្តហ្គង់ស៊ីប្រទេសចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ លើការវិនិយោគកសិកម្ម។

ក្នុងជំនួបនោះ លោកបណ្ឌិតកៅ ថាច បានជម្រាបជូនដល់គណៈប្រតិភូក្រុមហ៊ុនចិន ពីគោលការណ៍របស់ធនាគារ ARDBថា ជាធនាគារគោល នយោបាយរបស់រដ្ឋបាន និង កំពុងផ្តល់ឥណទានគាំទ្រ ដល់វិស័យកសិកម្ម ជាពិសេសឥណទានបៃតង ដែលកំពុងតែពេញនិយមនិង ទើបតែដាក់អនុវត្តរួចមកហើយ ។ ធនាគារ ARDB ត្រៀមសហការជានិច្ច ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិន នឹងនាំយកបច្ចេកវិទ្យា មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម។

លោក Se Hok Pan ប្រធានក្រុមហ៊ុន Nature Home Group ចាត់ទុកថា ទស្សនកិច្ចថ្ងៃនេះគឺ មានបំណងស្វែង រកការវិនិយោគលើដំណាំ ប្រេងខ្សល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះដំណាំស្រូវ ហើយថ្មីៗនេះ បានសហការជាមួយ ក្រុមហ៊ុន GXAS High Technology Group លើកិច្ចការពារផ្នែកបរិស្ថាន និងកំពុងស្វែងរកដៃគូរ ពាក់ព័ន្ធនៅកម្ពុជា ដើម្បីលើកកម្ពស់លើផ្នែកបច្ចេកវិទ្យា ក្នុងការដាំដុះនៅកម្ពុជាផងដែរ។

ប្រធានក្រុមហ៊ុន Nature Home Group សង្ឃឹមថា ធនាគារ ARDB នឹងគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ ផ្នែកដាំដុះដំណាំ កសិកម្មនេះ រួមបញ្ចូលបច្ចេកវិទ្យា ទំនើបមកពីប្រទេសចិន ដើម្បីមកបំពាក់នៅកម្ពុជា បម្រើក្នុងវិស័យកសិកម្ម ។

សម្រាប់លោកបណ្ឌិត កៅ ថាច បានថ្លែងថា ធនាគារ ARDB ជាស្ថាប័នរដ្ឋមានតួនាទី ផ្តល់ហិរញ្ញប្បទាន ដល់វិស័យ កសិកម្ម ជាពិសេស កសិករ និងអ្នកកែច្នៃ ដែល មានអត្រាការប្រាក់ទាបជាងគេ ហើយក្រៅពីនេះ គឺក្នុងជំហ៊ានដំបូង អាចជួយសម្របសម្រួល ទៅស្ថាប័នពាក់ព័ន្ធ មានផ្នែកពន្ធដារ ជាដើម ។ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តធំ លើវិស័យកសិកម្ម ដូចជាការនាំចូលគ្រឿងចក្រកសិកម្ម ដើម្បីផលិតបម្រើ ក្នុងវិស័យកសិកម្ម គឺពន្ធស្ទើរតែសូន្យភាគរយ ដែលជាការលើកទឹកចិត្តនឹង ជួយជ្រោមជ្រែងដ៏ធំពីរាជរដ្ឋាភិបាលកម្ពុជា។

ទាក់ទងនិងការគម្រោង ដាំដំណាំប្រេងខ្សល់ អំពៅ និងការចិញ្ចឹមត្រីទឹកប្រៃបណ្ឌិត បានសម្តែងការស្វាគមន៍ ចំពោះគោលបំណង នៃការវិនិយោគលើដាំដុះដំណាំនៅកម្ពុជា ជាពិសេសដំណាំ បើអាចគួរផ្តោតលើ ដំឡូងមី ដែលក្រុមហ៊ុនគួរពិចារណាបង្កើត រោងចក្រកែច្នៃម្សៅដំឡូងមីនៅកម្ពុជា ដោយសារតែកសិផលដំឡូងមីស្រសៗ អាចផ្គត់ផ្គង់បានបម្រើក្នុងខ្សែសង្វាក់ ផលិតកម្មបានគ្រប់គ្រាន់ ជាជាងនាំដំឡូងមី ទៅកាន់ប្រទេសចិន ៕



