ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា កម្ពុជា មិនអាចសម្រេច ជោគវាសនារួម ជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ ។ នេះបើយោងតាមការចេញផ្សាយ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
នាឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា -ចិនឆ្ពោះទៅរកក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ក្នុងយុគសម័យថ្មី» រួមជាមួយ លោក WANG WENBIN ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបកស្រាយ និងពន្យល់អត្ថន័យនៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ។ បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះ នៃពាក្យជោគវាសនារួមផងដែរ។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅ ជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែក តែលើប្រទេសចិន ទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ សម្រាប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ កម្ពុជា មិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ ។
ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងគោល បំណងជំរុញ លើកទឹកចិត្ត និងលើកកម្ពស់ការ សិក្សាស្រាវជ្រាវ ឱ្យកាន់តែទូលំទូលាយពីសំណាក់តួអង្គពាក់ព័ន្ធ ជាពិសេស លោក បានជំរុញឱ្យស្ថាប័នស្រាវជ្រាវសំខាន់ៗ រួមមាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយភាគីចិន ដើម្បីកំណត់ប្រធានបទ នៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលអាចផ្សារភ្ជាប់ជាមួយនឹង គោលនយោបាយអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ៕