ព័ត៌មានជាតិ

លោក កើត ឆែ ៖ ប្រជាជនសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម​-សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានគូសបញ្ជាក់ថា ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ហេតុនេះប្រជាជនមានសុខភាពល្អបរិបូរណ៍ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា«មូលធនមនុស្ស» ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់លោកកើត ឆែ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម » ជូនបុគ្គលិក-មន្ត្រីរាជការនៃ រដ្ឋបាលខណ្ឌ និងសង្កាត់នាព្រឹកថ្ងៃ៦ កញ្ញា។

ក្នុងឱកាសនេះលោក កើត ឆែ បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺ ការកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺ មិនឆ្លងនានា, ការពង្រឹង សមត្ថភាពស្ថាប័ន និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល និងការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខ ភាព ដោយផ្តោតជាចម្បង លើការថែទាំសុខភាពបឋម» ។

លោកអភិបាលរងរាជធានី បានសង្កត់ធ្ងន់ថា “ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពេញមួយជីវិតដែលរួមមាន ៖ ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឲ្យប្រជាជន មានសុខភាពល្អបរិបូរណ៍ មានលក្ខណៈ សម្បត្តិ គ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារ អន្តរស្ថាប័ន និងទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋតែម្តង”។

គួរឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការ គ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលមានចក្ខុវិស័យ​ ផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវលទ្ធភាពទទួល បានសេវាថែទាំ សុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភពីរដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាព គាំទ្រដោយរដ្ឋ (ប.ស.ស)។ អ្នក ទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល កើនដល់ជាង៤ លាន៧សែននាក់ (គ្រួសារងាយរងហានិភ័យ, ក្រ.១ ក្រ.២, ក្រុមប្រឹក្សាឃុំសង្កាត់, មេភូមិ, អនុភូមិ ជំនួយការភូមិ, កីឡាករ, បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍) អ្នកទទួលបានប័ណ្ណ ប.ស.ស ៖ កើនដល់ជាង២លាន៤សែននាក់ ។ តួលេខនេះ នៅមិនទាន់រាប់បញ្ចូលសមាជិកគ្រួសារ ក្នុងបន្ទុករបស់មន្ត្រីរាជការ (សហព័ទ្ធ, កូន) ដែលរាជរដ្ឋាភិបាល បានអនុញ្ញាត ឲ្យក្លាយជាសមាជិក ប.ស.ស ដោយស្វ័យប្រវត្តិដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាគ្របដណ្តប់ សុខាភិបាល ៕

To Top