ព័ត៌មានជាតិ

កម្មករនិយោជិតរោងចក្រ បូវឃើ ខេត្តកណ្តាល ចូលរួមមូលនិធិ ជាមួយរាជរដ្ឋាភិបាល ព្រោះស្រលាញ់ជាតិពិតប្រាកដ

ភ្នំពេញ ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើ ខេត្តកណ្តាល (BOWKER GARMENT FACTORY (CAMBODIA) COMPANY LIMITED) បានសម្តែងក្ដីពេញចិត្ត ក្នុងការចូលរួមបរិច្ចាគថវិកា ជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ ។

កម្មករនិយោជិតក្នុងរោងចក្រ បូវឃើ ខេត្តកណ្តាលអ្នកស្រី ឆេន ស្រីនួន បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។

អ្នកស្រីបន្តថា ការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំ គឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។

អ្នកស្រីបន្ថែមថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូលរួមបរិច្ចាគថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេសជាតិរបស់យើង»។

កម្មការិនីរោងចក្រម្នាក់ទៀតអ្នកស្រី ឡុង លីណា បាននិយាយថា ការស្ម័គ្រចិត្តចូលរួមមូលនិធិនេះ គឺចង់ឱ្យមានការអភិវឌ្ឍ ហើយទាក់ទាញភ្ញៀវទេសចរ ងាយស្រួលទៅលេងនៅតំបន់ព្រំដែន ។ ជាពិសេស អ្នកស្រីចង់ឃើញភ្ញៀវទេសចរ ទៅលេងទីនោះកាន់តែច្រើនថែមទៀត ។

អ្នកស្រីបញ្ជាក់ថា៖«ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរ ទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគ ដែលធ្វើឱ្យប្រជាជននៅតាមព្រំដែនមានការងារធ្វើច្រើនដែរ»។

ស្រដៀងគ្នានេះអ្នកស្រី ណយ ស្រីល័ក្ខ អាយុ ២៨ឆ្នាំ ជាកម្មការិនី បូវឃើ បាននិយាយថា ៖ «ខ្ញុំបានចូលរួមថវិកាបន្តិចបន្តួច ក្នុងការអភិវឌ្ឍនៅតំបន់ព្រំដែន ឱ្យមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរ ចង់ឱ្យតំបន់នោះក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឡើង ដោយសារទីនោះជាតំបន់ដាច់ស្រយាល ចឹងយើងអាចចូលរួមទាំងអស់គ្នាបាន មិនថាតិចតួចក្តី ច្រើនក្តីតាមស្ថាប័ន ផ្ទាល់ខ្លួន ឬតំបន់ដែលយើងរស់នៅក៏បានដែរ» ។
ជាមួយគ្នានេះ កម្មករនិយោជិត នៅរោងចក្រ បូវឃើ ទាំងអស់បានអំពាវនាវ ដល់បងប្អូនជនរួមជាតិ មិនថាក្នុងស្រុក ឬក្រៅប្រទេសទេ បើពិតជាស្រលាញ់ជាតិ មាតុភូមិ ចង់ឱ្យប្រទេសជាតិរីកចម្រើនជឿនលឿនបានកាន់តែឆាប់រហ័ស គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឱ្យបានគ្រប់ៗគ្នា ៕

To Top