ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
បើតាម សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗ របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញ ថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន”។ វេទិកា នេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញ ពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកល ប្រកបដោយតុល្យភាព។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងស៊ីនឆន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់ សាធារណរដ្ឋកូរ៉េ។
ជាកិច្ចបន្ទាប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្ត ស្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ ទេសចរណ៍ “បូមុន” និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកស្យុងយូ នៅក្នុងខេត្តស្យុងសាងបុកដូ។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ សម្តេចតេជាប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕