ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញឲ្យក្រុមហ៊ុនឥណ្ឌូនេស៊ី មកដាក់ទុន១០០% បង្កើតឃ្លាំងប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់នៅកម្ពុជា

ភ្នំពេញ៖ តាមរយៈប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យ ក្រុមហ៊ុនឥណ្ឌូនេស៊ី មកដាក់ទុន ១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ ដើម្បីដឹកជញ្ជូននាំចេញ ទៅសាធារណរឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។

ការជំរុញនេះធ្វើឡើងក្នុងឱកាស សម្ដេចតេជោប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសមម្ដែងការគួរសម នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានអបអរសាទរចំពោះលោក Prabowo Subianto ដែលនឹងបន្តដឹកនាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាមិត្តរបស់កម្ពុជា ហើយសម្ដេចចាត់ទុកថាឥណ្ឌូនេស៊ី គឺជាមិត្តចាស់ ហើយឥណ្ឌូនេស៊ីបានចូលរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុរបស់កម្ពុជា ជាពិសេសក្នុងការដើរតួនាទី សហប្រធានសន្និសីទ នៃទីក្រុងប៉ារីស។ ប្រទេសឥណ្ឌូនេស៊ីបានផ្ដល់ជាទីកន្លែង សម្រាប់កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ។

សម្ដេចតេជោបានសម្តែងនូវការពេញចិត្ត ចំពោះមតិយោបល់របស់លោក Prabowo Subianto​ ក្នុងបំណងដែលជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងឥណ្ឌូនេស៊ី នៅក្នុងសមាគមអាស៊ាន។

សម្តេចតេជោ ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំនាក់ទំនងក្នុងវិស័យការពារជាតិ ដែលឥណ្ឌូនេស៊ី បន្តការហ្វឹកហ្វឺនដល់យោធារបស់កម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេស ក៏ដូចជារួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ផងដែរ។

ទាក់ទងទៅនឹងការភ្ជាប់ជើងហោះហើរត្រង់ ពីឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា គួរត្រូវបង្កើនថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើង ហើយសម្ដេចតេជោសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍សាធារណរដ្ឋឥណ្ឌូនេស៊ី និងក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា នឹងពិនិត្យមើលក្នុងការបន្ថែមជើងហោះហើររវាងទីក្រុងធំៗ នៃប្រទេសទាំងពីរ ដើម្បីនាំទេសចរណ៍ ទាំងប្រជាជនឥណ្ឌូនេស៊ី និងនាំទេសចរណ៍ ពីបណ្ដាប្រទេសផ្សេងៗផងដែរមកកម្ពុជា។

សម្ដេចតេជោ បានសម្ដែងនូវការលើកទឹកចិត្ត ដល់ឥណ្ឌូនេស៊ី ក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសក្នុងវិស័យសន្តិសុខស្បៀង ដែលឥណ្ឌូនេស៊ី ត្រូវការស្បៀងពីកម្ពុជាដូចជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត៕

To Top