ភ្នំពេញ៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។
ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា៖ «នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា» ។


លោក ប៉ុន ណេច៍ ជាពលករកំពុងបម្រើការងារនៅថៃបាននិយាយថា ការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំ គឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។
លោកបន្ថែមថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់ពេញចិត្តរាជរដ្ឋាភិបាល» ។




ពលករខ្មែរដែលកំពុងបម្រើការងារនៅថៃ ថន ស្រីភីន បាននិយាយថា ការស្ម័គ្រចិត្តចូលរួមមូលនិធិនេះ គឺចង់ឱ្យមានការអភិវឌ្ឍ ហើយទាក់ទាញភ្ញៀវទេសចរ ងាយស្រួលទៅលេងនៅតំបន់ព្រំដែន។ ពលកររូបនេះចង់ឃើញភ្ញៀវទេសចរទៅលេងទីនោះកាន់តែច្រើនថែមទៀត។ នាងបានបញ្ជាក់ថា៖ «ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជននៅតាមព្រំដែនមានការងារធ្វើច្រើនដែរ» ។


ជាមួយគ្នានេះ ពលករកម្ពុជាធ្វើការងារនៅថៃ បានអំពាវនាវដល់បងប្អូនជនរួមជាតិមិនថាក្នុងស្រុក ឬក្រៅប្រទេសទេ បើពិតជាស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យប្រទេសជាតិរីកចម្រើនជឿនលឿនបានកាន់តែឆាប់រហ័ស គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឱ្យបានគ្រប់ៗគ្នា៕
