កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿន ក្នុងការតបណ្ដាញទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស នៅតំបន់ដែលខ្លួនទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងត្រូវខិតខំព្យាយាមពង្រីកសេវា ផ្គត់ផ្គង់ទឹកស្អាត ឱ្យគ្រប់ដណ្ដប់ ទូទាំងស្រុក តែម្ដង។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ៣ ក្រុមហ៊ុន ក្នុងស្រុកពញាឮកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក គួច ចំរើន បានលើកឡើងថា ការងារចម្បងចំពោះមុខ នៅពេលនេះ លោកអភិបាលខេត្ត បានណែនាំ ឱ្យក្រុមហ៊ុនទឹកស្អាតត្រូវយកចិត្តទុកដាក់គិតគូរ ទៅលើការងារតបណ្ដាទឹករងឱ្យបានច្រើន ដើម្បីធ្វើការតភ្ជាប់ ទៅបណ្ដាញមេរួចបញ្ជូនទឹកស្អាត ចូលដល់ផ្ទះប្រជាពលរដ្ឋតែម្ដង។
លោកអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនត្រូវមានការប្ដេជ្ញាតាំងចិត្តខ្ពស់ ក្នុងការផ្តល់សេវាទឹកស្អាត ជូនប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ខ្លួន ដែលជួបប្រទះ ដើម្បីសម្រួលដល់ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ដំណើរការបានកាន់តែរលូន ។
លោកអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរ មន្ទីរជំនាញ ត្រូវដឹកនាំ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងស្រុក ទៅមើលតាមគោលដៅ ភូមិ-ឃុំ ដែលកំពុងតែជួបការខ្វះខាតទឹកស្អាតប្រើប្រាស់ដោយផ្ទាល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសម្រេចចិត្ត ពង្រីកសេវារបស់ខ្លួន នៅទីតាំងទាំងនោះថាបាន ឬមិនបានយ៉ាងណាត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះហើយក្រុមហ៊ុនទាំងអស់ ត្រូវធ្វើផែនទីស្តីពីផ្តត់ផ្គងទឹក របស់ខ្លួនឱ្យបានច្បាស់លាស់ មានវឌ្ឍនៈភាពការងារ ពីព្រោះលោកនឹងជួបប្រជុំ ជាមួយក្រុមហ៊ុនរៀងរាល់ ១ខែម្ដង ដើម្បីត្រួតពិនិត្យការងារ ជាមួយម្ចាស់ក្រុមហ៊ុន និងអ្នកបច្ចេកទេសដោយផ្ទាល់ សំដៅធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងស្រុកពញាឮ ទទួលបានលទ្ធផលល្អប្រសើរ ជូនប្រជាពលរដ្ឋឡើងវិញ។
សូមជម្រាបថា ចំពោះស្ថានភាពនៃការប្រើប្រាស់ទឹកស្អាតនៅតាមឃុំ និងតាមការទទួលព័ត៌មានពីអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ ឃើញថាភូមិ ឃុំ មានទឹកប្រើប្រាស់ តែទឹកមិនសូវមានគុណភាព ទឹកចេញតិច មិនគ្រប់តាមតម្រូវការ មានចំនួន ៨២ភូមិ/១១ឃុំ។ ភូមិ-ឃុំ មិនទាន់តបណ្តាញ ទឹកចូលដល់មានចំនួន ២៨ភូមិ/៦ឃុំ ក្នុងនោះក្រុមហ៊ុនទឹកស្អាតសន្យា តបណ្តាញទឹកចូល ភូមិក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ភូមិ-ឃុំ ដែលមិនទាន់មានអាជ្ញាប័ត្រ ចូលដល់នៅសល់ ចំនួន ១៤ភូមិ/៣ឃុំ៕