ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាអំពាវនាវដល់ព្រះសង្ឃ និងពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្ត

ស្វាយរៀង៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងអំពាវនាវបានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្តដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ រហូតដល់ចុងឆ្នាំ២០២៤។

ការថ្លែងបែបនេះនៅក្នុងឱកាស ដែលលោកបានអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងអ្នកព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ ២០២៤ នេះ។

ពិធីសំណេះសំណាលនេះ មានការចូលរួមដោយ លោក សុខា រ៉ាម អភិបាលរង តំណាងលោក ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរជាច្រើនរូបទៀតផងដែរ។

លោក ចាយ បូរិន បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងដែលបានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថាមន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា ដូចនេះចំបាច់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រោមឱវាទក្នុងការរៀបចំគ្រប់គ្រងសាសនាទាំងអស់ធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ ។ពិសេសការខិតជិតមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំជាងគេសំរាប់អ្នកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ដ្ឋដូចនេះមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យបានល្អប្រសើដោយប្រកាន់ភ្ជាប់ នូវទំនៀមទម្លាប់ ប្រពៃណីយ៍របស់ខ្មែរយើង ។

លោកបានលើកឡើង ពីគុណតម្លៃ នៃព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមការគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយបច្ចុប្បន្ននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំបន្តស្នាដៃនេះ និងផលប្រយោជន៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី ។

បន្ថែមលើសពីនេះ លោកមន្ត្រី ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ត្រូវសាមគ្គីភាពគ្នា ពូនជ្រំគ្នាដើម្បីផលប្រយោជន៍របស់ខេត្ត ផលប្រយោជន៍ក្នុងវិស័យធម្មការនិងសាសនា បើសិនមានអ្វីមិនគប្បីក្នុងការចាត់ចែងដឹកនាំសូមឱ្យ ប្រជុំជីវភាពលើកឡើងត្រង់ៗ ហើយ លោកប្រធានមន្ទីរ អ្វីដែលនៅសេសសល់ អ្វីដែលខុសឆ្គង ស្ដាប់ឱ្យបានច្រើន ពន្យល់ហេតុផល ហើយបកស្រាយនិងដោះស្រាយ។

មួយវិញទៀតសូមឱ្យអនុវត្តតាមអភិក្រមនៃមន្ត្រីរាជការ ដោយទន់ភ្លន់ អនុវត្តដើម្បីស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជៀសវាងការអនុវត្តមន្ទីរមួយបានអនុវត្ត ហើយមន្ទីរមួយទៀតមិនបានអនុវត្ត អញ្ចឹងហើយមន្ទីធម្មការ និងសាសនា គួរតែធ្វើជាគំរូមួយ ក្នុងនោះសូមចូលរួមឲ្យបានផុសផុលជាមួយចលនាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រមទាំងត្រូវមានរបបប្រជុំជាមួយអ្នកដែលពាក់ព័ន្ធ មានទាំងគណៈសង្ឃខេត្ត និងមន្ត្រីរាជការមន្ទីរ ហើយត្រូវធ្វើរបាយការណ៍រាល់មានបញ្ហាប្រឈម និងការសំណូមពរអ្វី ដើម្បីលើកចូលទៅក្នុងគោលការណ៍ផង និងផែនការសកម្មភាពរបស់ក្រសួងប្រចាំឆ្នាំផងដែរ៕

To Top