ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ លើទំហំដីជាង ៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ មានសមត្ថភាពបណ្តុះកូនឈើ បានជាង ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើន ពោល គឺបង្កើនគម្របព្រៃ តាមផែនការ របស់រាជរដ្ឋាភិបាលចំនួន ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០ ។
ថ្នាលបណ្តុះកូនឈើទី ១នេះ សាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
នាឱកាសនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថា មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរ នៅក្នុងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុ និងការជំរុញការ លើកកម្ពស់អព្យាក្រឹតកាបូន»។
លោករដ្ឋមន្ដ្រី បានលើកឡើងបន្ថែមថា ថ្នាលបណ្តុះកូនឈើនេះរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។
លោករដ្ឋមន្ដ្រី បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឲ្យបានច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម ។
លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រ ស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណង ដាំដើមឈើចំនួន១លានដើម ក៏ដូចជាអនុសាសន៍ ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន ។
លោកស្រី បន្ដថា កន្លងមក UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្ត របៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែក ចំពោះមហិច្ឆតាកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើ ចំនួន៦០ភាគរយ នៅឆ្នាំ២០៥០៕