ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញសិស្សានុសិស្ស ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញ ឲ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ ឲ្យបានពូកែ ដើម្បីធ្វើជាកូនល្អ សិស្សល្អ មានសីលធម៌ សុវជីវធម៌ក្នុងសង្គម និងអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានមនុស្ស ដ៏មានសក្ដានុពលសម្រាប់គ្រួសារ និងសង្គមជាតិ ស្របពេលប្រទេសជាតិ កំពុងមានសុខ សន្តិភាព និងការអភិវឌ្ឍ។

ការថ្លែងបែបនេះ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី រួមជាមួយ លោកស្រី ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកដំណើរការឲ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រីបន្ដថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើនការយកចិត្តទុក ដាក់ពង្រឹងគុណភាពអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកកញ្ជ្រៀច ដែលបានផ្ដល់ការគាំទ្រ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកជា មួយរដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលស្រុកកញ្ជ្រៀច ក្នុងការងារលើកម្ពស់ វិស័យអប់រំនៅកម្ពុជា។ ជាក់ស្ដែងការចូលរួមជួយជួសជុល និងកែលម្អអគារសិក្សា នៃសាលាបឋមសិក្សាត្នោត ឲ្យមានភាពល្អប្រសើរឡើងវិញ តាមសំណូមពរប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ រហូតឈានដល់ ការដាក់ឲ្យប្រើប្រាស់ឡើងវិញ។

សូមបញ្ជាក់ថា អគារសិក្សានៃសាលាបឋមសិក្សាត្នោត ដែលបានជួសជុល និងកែលម្អឡើងវិញនេះ ជាអំណោយរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកស្រី ញ៉ែម សឿន ជា ស៊ីម កាលលោកទាំងពីរ នៅមានជន្មាយុ។ ដោយឡែក ក្នុងឱកាសដាក់ឲ្យប្រើប្រាស់អ គារសិក្សា នេះដែរ លោកស្រី ញ៉ែម សាខន ស ខេង ព្រមទាំង លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី ក៏បានរៀបចំអាហារ សាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕

To Top