ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ៩ កញ្ញា បានដឹកនាំកិច្ចប្រជុំកម្រិត ថ្នាក់ដឹកនាំលើកទី ១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យ បានកោតសរសើរថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផល នាពេលបច្ចុប្បន្ន និងនាពេលខាងមុខបន្តទៀត។

ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់ សុខភាពជាសកល ក្នុងនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹក នាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក ខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវពិនិត្យណែនាំ ដល់មន្រ្តីក្រោមឱវាទ ត្រូវចូលរួមថែរក្សាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយ ដឹកជញ្ជូនអ្នកជំងឺ ដូចជារថយន្តគិលានុសង្រ្គោះ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំសម្អាត និងពិនិត្យ លក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ និងដោយទៀងទាត់។

សាស្រ្តាចារ្យ បានសង្កត់ធ្ងន់បន្ថែម លើការបង្កើនការ យកចិត្តទុកដាក់បន្ថែមទៀត ចំពោះករណីជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ដោយក្នុងនោះ ឲ្យមន្រ្តីជំនាញ បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារ ពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។

សាស្ត្រាចារ្យ ក៏បានបន្តឆ្លៀតរំលឹក ជូនដល់ថ្នាក់ថ្នាក់ដឹកនាំ នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ ត្រូវបន្តពង្រឹងការ យកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយ គុណភាព ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប័ណ្ណសមធម៌ សុខាភិបាល និងប័ណ្ណរបបសន្តិសុខ សង្គមថែទាំសុខភាព (ប.ស.ស)៕





