ភ្នំពេញ៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី ដុង ជុន ( Dong Jun ) រដ្ឋមន្ត្រីការពារជាតិចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកា ប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាថ្ងៃទី៩ កញ្ញា បានឲ្យដឹងថា ចូលរួមអមដំណើរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។
ក្នុងឱកាសនៃការចូលរួមវេទិកា ប៉េកាំងសៀងសាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និង ការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។ ក្នុងអំឡុងពេលនៃការ ចូលរួមវេទិកានេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ចាំង យូសៀវ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណង ទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារ ប្រទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម និងរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងមានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នាផងដែរ ៕