ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិក ចំនួន៥ មានគោលបំណង ស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនង ជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ។

យោងតាមលោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក ជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ កញ្ញាថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែល មានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។

ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក បានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួល ជូននិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សា នៅសហរដ្ឋអាមេរិកផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៅកម្ពុជា។

សម្ដេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឲ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា៕






