ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា ការងារការពារសុវត្ថិភាព សន្តិសុខជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគគិន និងមន្ត្រីស្ថានទូត គឺជាការងារអាទិភាព របស់នគរបាលជាតិកម្ពុជា ។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ។
លោកស្រី Flerida Ann Camille P. Mayo បានជម្រាបជូនអំពីគោលបំណង នៃជំនួបនៅពេលនេះគឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និត រវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងតំណាងស្ថានទូតសាធារណរដ្ឋហ្វីលីពីន ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសជួញដូរមនុស្ស និងបទល្មើសបចេ្ចកវិទ្យា។
ជាមួយគ្នានេះឯកអគ្គរដ្ឋទូតហ្វីលីពីន ក៏បានថ្លែងអំណរគុណដល់ អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលកន្លងមកក៏ដូចជា នៅពេលបច្ចុប្បន្នបានផ្តល់នូវ កិច្ចការពារសុវត្ថិភាពសន្តិសុខ ជូនដល់និវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការងារក៏ដូចជា ប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា «ការងារការពារសុវត្ថិភាព ក៏ដូចជាសន្តិសុខជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគគិន និងមន្ត្រីស្ថានទូត គឺជាការងារអាទិភាពរបស់នគរបាលជាតិកម្ពុជា ទាំងពលរដ្ឋហ្វីលីពីន ក៏ដូចជាពលរដ្ឋសាសន៍ដទៃទៀតដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា» ។
នាយឧត្តមសេនីយ៍ ស ថេត បន្ថែមថា ដោយឡែកពាក់ព័ន្ធនិងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស គឺជាកង្វល់រួមដែលទាមទារឲ្យប្រទេសទាំងអស់ត្រូវតែរួមសហការគ្នាធ្វើការដោះស្រាយតាមរយៈការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់លាស់ សំដៅធ្វើការកំណត់បានអត្តសញ្ញាណមេក្លោងប្រព្រឹត្តបទល្មើស និងមុខសញ្ញាពាក់ព័ន្ធឈានទៅទប់ស្កាត់ និងស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់របស់ប្រទេសនីមួយៗ ៕