ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យថ្មី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា អភិបាលរងខណ្ឌ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ច ។

ពិធីប្រកាសចូលកាន់តំណែង របស់លោក សំ សារ៉ាវុធ អតីតនាយករងរដ្ឋបាល សាលាខណ្ឌពោធិសែនជ័យ មកជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ ជំនួសលោក អ៊ិត ជំនិត ដែលទៅកាន់តួនាទីថ្មី ជាប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា “ដើម្បីបន្តនិរន្តរភាពរដ្ឋបាល និងបន្តពង្រឹងស្នាដៃការងារ ឲ្យកាន់តែល្អផូរផង់ទៀតនោះ លោកអភិបាលរងខណ្ឌ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ច សហប្រតិបត្តិល្អ ជាមួយនឹងបណ្តាអង្គភាពរដ្ឋ, មន្ទីរអង្គភាពជំនាញ, វិស័យឯកជន, និងអង្គការសង្គមស៊ីវិល នឹងត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច”។

លោកគូសបញ្ជាក់ថា “ធ្វើជាមន្ត្រីកុំឲ្យមនសិកាក្បត់ឆន្ទៈ ត្រូវឲ្យមនសិកា ឆន្ទៈ និងសុខភាព ដើរទន្ទឹមគ្នា ។ ធ្វើជាមន្ត្រីបំរើប្រជាពលរដ្ឋ ត្រូវចាត់ទុកថា អ្នកនៅជុំវិញយើង, អ្នកក្រោមបង្គាប់យើង សុទ្ធតែជាគ្រូរបស់យើង ។ ពួកគាត់មានទស្សនៈល្អៗ យើងត្រូវទទួលយក នឹងបន្តខិតខំស្រាវជ្រាវ ពីគោលការច្បាប់ ដើម្បីបំរើប្រជាពលរដ្ឋឲ្យចំគោលដៅ”។

លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យថ្មី បានប្តេជ្ញាថា “ដើម្បីបន្តនិរន្តរភាពការងារ និងជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ ខ្ញុំបាទនឹងខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបំពេញការងារ ជូនរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មថែមទៀត”។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងរាជធានី ក៏បានអំពាវនាវដល់មន្ត្រី អាជ្ញាធរ ក្រុមប្រឹក្សាខណ្ឌ ក៏ដូចប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបន្តចូលរួមគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានបើកការដ្ឋានកាលពីថ្ងៃទី៥សីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រសមិទ្ធផលមួយនេះ ដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការគាំទ្រសារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងកិច្ចសម្ភាសន៍បកស្រាយ របស់លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV.DTA ដើម្បីរួមគ្នាបន្សាបចរន្តប្រឆាំង និងត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា គាំទ្រមូលនិធិកសាងហេដ្ឋារចនា សម្ពន្ធ័តាមព្រំដែន ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ៕
