ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ជាថ្នាក់ដឹកនាំអង្គភាព និងប្រធានមន្ទី នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” កម្រិតទី៣។
លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលនេះថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” កម្រិតទី ៣ ក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំ តាមបណ្ដាអង្គភាព ក្រោមឱវាទក្រសួងមានការយល់ដឹង កាន់តែស៊ីជម្រៅអំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧,ការគ្រោងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥, លក្ខណៈវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ, និងដំណើការនៃការធ្វើបរិវត្តន៍កម្មឌីជីថល ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទក្រោមប្រធានបទ ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទនាឱកាសនេះ ។



លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះ ទៅអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល និងដើម្បីអភិវឌ្ឍន៍តំបន់ជនបទ ឱ្យកាន់តែរីកចម្រើនថែមទៀត។


បន្ទាប់មក រដ្ឋមន្រ្តី បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាល ដោយជោគជ័យ៕
