ភ្នំពេញ៖ ក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានារបស់កូរ៉េ បានបង្ហាញបំណង ចង់បង្កើតវិស័យបរធនបាលកិច្ច នៅកម្ពុជា។
សូមបញ្ជាក់ថា «បរធនបាលកិច្ច» ជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បើតាមអ្នកជំនាញ បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញ នូវនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។
ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. បាន មានប្រសាសន៍ថា កាលពី ១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅធ្វើការសិក្សា នៅប្រទេសកម្ពុជា អំពីបរធនបានលកិច្ច ក្នុងគោលបំណង ចង់រួមចំណែក ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ នៅពេលនោះ ក្រុមហ៊ុនរបស់លោក មិនទាន់ឃើញមានការបានបង្កើតបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជា នៅឡើយនោះទេ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជា គួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគ នៅក្នុងប្រទេសកម្ពុជា នៅពេលខាងមុខ។
លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យបរធនបាលកិច្ចនៅកូរ៉េ រីកចម្រើន ជាងនៅអឺរ៉ុបទៅទៀត ហើយរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពី ប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុនរបស់លោក ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនបរធនបាលកិច្ច ចំនួន ១៤ នៅប្រទេសកូរ៉េ និង ស្ថិតនៅក្នុងលំដាប់ខ្ពស់។
លោក Oh Chang-seok បានរំលឹកថា ប្រទេសកូរ៉េធ្លាប់មានសង្គ្រាម នៅទសវត្សន៍ឆ្នាំ១៩៥០ និង១៩៦០ និងបានអភិវឌ្ឍប្រទេសដូចពេលបច្ចុប្បន្ន និង មានបំណងចែករំលែកបទពិសោធន៍ល្អៗ ជាមួយនឹងកម្ពុជា។
លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោក បានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗជាដើម។
លោកប្រធានក្រុមហ៊ុន គោរពសុំអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោ នៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានិងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេច ក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និង សហការជាមួយក្រុមហ៊ុនឯកជនកម្ពុជា ក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា សព្វថ្ងៃ នៅកម្ពុជា ក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែក លើកតម្កើងប្រព័ន្ធសព្វថ្ងៃ ឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកប្រធានក្រុមហ៊ុន ដែលបានសម្តែងការចាប់អារម្មណ៍ លើការទៅវិនិយោគក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានជម្រាបទៅ លោកប្រធានក្រុមហ៊ុនថា ប្រព័ន្ធបរធនបាលកិច្ច នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។ ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការ ដោយរលូននោះទេ គឺមានភាពរអាក់រអួល នៅឡើយ។
សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្រោយពីវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ១៩៩៧ ធនាគារមួយចំនួននៅភ្នំពេញ បានដូលរលំ ហើយរាជរដ្ឋាភិបាល បានរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយធានាដល់ធនាគារ ដែលនៅសេសសល់ តែមានភាពរឹងមាំ និងនៅបន្តមកដល់សព្វថ្ងៃនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា សម្តេចមិននិយាយជំនួសរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ ដែលមានស្រាប់ និង ទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាព ឱ្យសកម្ម។ ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្ត ផ្នែកសេដ្ឋកិច្ច។
សម្តេចតេជោ បានបន្ថែមថា អនុសាសន៍នេះ គឺដូចជា ក្រុមហ៊ុនរបស់លោក Oh Chang-seok ធ្វើដំណើរចូលក្នុងផ្លូវមួយ ដែលមានអ្នកដំណើររួចហើយ ហើយត្រូវធ្វើដំណើរជាមួយគេឯង កុំឱ្យគ្រោះថ្នាក់។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោបាន ស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើល លើការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យបរធនបាលនេះ ។លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងអនុសាសន៍ណែនាំ។ លោកបានមានប្រសាសន៍ថា លោកនឹងបន្តឱ្យក្រុមការងារ ចុះទៅធ្វើការសិក្សាលម្អិត និងពិគ្រោះយោបល់ ជាមួយដៃគូកម្ពុជា និងពិនិត្យមើលការវិនិយោគ នៅក្នុងវិស័យផ្សេងៗទៀត។
លោកប្រធានក្រុមហ៊ុនមើលឃើញពីបរិយាកាសល្អ របស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព។ ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ៕