ព័ត៌មានជាតិ

សមាគមវប្បធម៌កូរ៉េ នឹងនាំសិល្បករល្បីៗមកសម្ដែងនៅរាត្រីស្រមោលសសប្បុរសធម៌ ក្នុងខេត្តសៀមរាប នាដើមខែធ្នូ

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) បានឱ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ សមាគមវប្បធម៌កូរ៉េ នឹងរៀបចំពិព័រណ៍គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលស សប្បុរសធម៌ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ។

ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ ចូលជួបសម្ដែងការគួរសមនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានគូសបញ្ជាក់ថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ លោកស្រីឯកអគ្គរាជទូត​កម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាព ដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក រូបថតចំនួន២០០០សន្លឹក ស្ដីអំពីវិស័យវប្បធម៌កម្ពុជា ដោយមានរូបថតប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ សមាគមនិងរៀបចំធ្វើរាត្រីស្រមោលស សប្បុរសធម៌មួយ នៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកា ជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។

លោកបញ្ជាក់ថា «សមាគមវប្បធម៌កូរ៉េ ក៏មានគម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលស សប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ»។
លោកប្រធានសមាគមកូរ៉េ បានបង្ហាញនូវក្តីសង្ឃឹមថា ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌ រវាងប្រទេសទាំងពីរ សមាគមត្រូវការគាំទ្រពីសម្ដេចតេជោ។

លោក Samuel Chung​ ក៏បានជម្រាបពីបំណងក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពីក្រុមជំនាន់ថ្មី ជាពិសេសក្រុម កូនកាត់គ្រួសារ ខ្មែរ-កូរ៉េ ដែលលោកមានបំណងធ្វើឱ្យកូនចៅរបស់គេ ទាំងគ្រួសារបានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈការរៀបចំ ឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច សិក្សាស្វែងយល់គ្នាទៅវិញទៅមក។ សមាគមក៏មានគម្រោងរៀបចំជាវេទិកា ជាពិពណ៌និងសិក្ខាសាលា ដើម្បីឱ្យមានសកម្មភាពយ៉ាងសកម្ម រវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា សកម្មភាពទាំងនេះ អាចធ្វើដោយជោគជ័យ ដោយសារកម្ពុជា និងកូរ៉េ មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អគ្រប់វិស័យ។

លោកបានសំណូមពរ សុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងនិងកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើឱ្យទំនាក់ទំនងវប្បធម៌ រវាងប្រទេសទាំងពីរ ឱ្យមានការរីកចម្រើន និងនិរន្តរភាព។

ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះគម្រោងនានា ដែលលោកប្រធានសមាគម បានរៀបរាប់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាពេលកន្លងមក ដើម្បីជំរុញ ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានបញ្ជាក់ថា ការតភ្ជាប់រវាងប្រជាជននិងប្រជាជន តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះ ពិតជាមានតម្លៃណាស់ មិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋផងដែរ ហើយការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏នឹងពង្រឹងវិស័យទេសចរណ៍ផងដែរ។ យើងត្រូវធ្វើរឿងនេះ ឱ្យទៅជាការជាក់ស្តែង។

សម្តេចតេជោ​បានលើកឡើងថា ប្រទេសយើងទាំងពីរ ជាប្រទេសដន្លងនឹងគ្នា ដោយសារយើងមានកូនកាត់កម្ពុជា​កូរ៉េជាងមួយម៉ឺននាក់ ដែលត្រូវស្គាល់វប្បធម៌នៃប្រទេសទាំងពីរ កុំឱ្យស្គាល់តែមួយផ្នែក។ លើចំណុចនេះ នៅពេលបច្ចុប្បន្ននេះ និងពេលអនាគត គ្រាន់ពួកគេធ្វើដំណើរទៅលេង ជីដូនជីតា នៅស្រុកខ្មែរ គឺជាការជម្រុញលំហូរទេសចរណ៍ទៅមក និង កំណើនទេសចរណ៍។ តារាកូរ៉េ កំពុងពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ាន មិនត្រឹមតែកម្ពុជាទេ។ វត្តមានរបស់ពួកគេនៅខេត្តសៀមរាបអង្គរ នៅថ្ងៃទី១ ខែធ្នូខាងមុខ មានឥទ្ធិពលមិនធម្មតា ទេនៅក្នុងផ្នែកវប្បធម៌ ទេសចរណ៍ ដល់ប្រទេសជិតខាងកម្ពុជាផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយ សម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះ។

សម្ដេចតេជោ បានស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េ សហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើសពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ ទំនាក់ទំនងប្រជាជន និងប្រជាជន និងធ្វើឱ្យសកម្មភាពឱ្យសកម្ម និងជានិរន្តរភាព៕

To Top