តាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នា ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តនឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានាក្នុងក្រុង ដើម្បីកាត់បន្ថយនូវអំពើអសន្ដិសុខផ្សេងៗ ដែលបង្ករផល ប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម។
លោកអភិបាលខេត្ត បានថ្លែងបន្តថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុងមានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្កការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ ។
ដើម្បីសុវត្ថិភាពលោកថា អាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ចតាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាបក្រុមក្មេងទំនើង ចោលួចឆក់ប្លន់ និងករណីគ្រឿងញៀនជាដើម បានទាន់ពេលវេលា ។
លោកអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារសង្គម ពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របពេលប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ។ ដូច្នេះ អាជ្ញាធរមូលដ្នាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុក ដាក់ពង្រឹងយន្តការ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយធ្វើការបង្ក្រាប ទប់ស្កាត់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង ចោលួច ឆក់ប្លន់ កុំឲ្យកើតមានតទៅទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕