ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១០ កញ្ញា បានធ្វើការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩០៣នាក់។
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់ ឋានានុក្រមឲ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត និងមណ្ឌលសុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំការផ្តល់សេវារបស់ខ្លួនឲ្យកាន់តែមាន ប្រសិទ្ធភាពជាជំហានៗ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់មន្ទីរពេទ្យ ជាពិសេសសម្រាប់មន្ទីរពេទ្យបង្អែកស្រុក ខេត្ត គ្រប់កម្រិត ឲ្យបង្កើតយន្តការពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យដែលមានពហុជំនាញ ជួបជជែកពិភាក្សាគ្នាលើការផ្តល់រោគវិនិច្ឆ័យ-វិធីសាស្ត្រព្យាបាល និងការតសមដានបន្ត។ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ថ្នាក់ដឹកនាំនៅតាមឋានានុក្រមបន្តបន្ទាប់ត្រូវចូលរួមអនុវត្តទៅតាមតួនាទី និងភារកិច្ច ដើម្បីធានាឲ្យមានខ្សែគណនេយ្យភាពពីប្រធានស្ថាប័ន រហូតដល់អ្នកអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យ។
លោកថា ទន្ទឹមនឹងនេះ ប្រធានមន្ទីរពេទ្យត្រូវរៀបចំឲ្យមានក្រុមគ្រូពេទ្យដែលជំនាញចំរុះ(Multi-disciplinary team) ដោយប្រមូលផ្តុំគ្រូពេទ្យជំនាញនៅក្នុងមន្ទីរពេទ្យសម្រាប់ពិនិត្យជំងឺ ជាពិសេសជំងឺដែលមានស្ថានភាពស្មុគ្រស្មាញ ។ រៀបចំឲ្យមានកិច្ចប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ពហុផ្នែក ដោយអញ្ជើញគ្រូពេទ្យជំនាញពីផ្នែកដែលពាក់ព័ន្ធមកពិភាក្សាលើករណីជំងឺដែលស្ថានភាពស្មុគ្រស្មាញ ដើម្បីរកវិធីសាស្រ្តព្យាបាលឲ្យកាន់តែមានភាពសមស្រប និងកត់ត្រាបទពិសោធន៍នៃការព្យាបាលកន្លងមកសម្រាប់ធ្វើការកែលំអបន្ត។
ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាត ដល់ក្រុមការងារមណ្ឌលសុខភាពចំណារក្រោមនៃមន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមណ្ឌលសុខភាពស្លា នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការស្រាវជ្រាវរកអ្នកជំងឺទឹកនោមផ្អែមនៅក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព៕