ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នាជាមួយ ក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក ។
តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនេះ ក្រុមហ៊ុន VISA នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច នឹងផ្តល់ជំនួយក្នុងការពន្លឿនការផ្លាស់ប្តូរទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។
សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុនVISA នឹងសង្កត់ធ្ងន់លើព័ត៌មានវិភាគទិន្នន័យ ដែលជាធាតុបញ្ចូលមួយគាំទ្រដល់យុទ្ធសាស្ត្រទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញលំហូរទេសចរពីប្រទេសគោលដៅ ពោលគឺការប្រើកម្មវិធីផ្ទុក និងវិភាគព័ត៌មាន ហៅថា “Visa Destination Insights”។ កម្មវិធីនេះ មានលទ្ធភាពវិភាគទិន្នន័យប្រតិបត្តិការ Visa Net ដែលអនុញ្ញាតឱ្យយើងតាមដានឥរិយាបទ និងនិន្នាការនៃអ្នកធ្វើដំណើរ ទីតាំង និងប្រភេទផលិតផលទេសចរណ៍ដែលពេញនិយម។ល។ ដែលព័ត៌មានវិភាគទិន្នន័យ អាចជួយដល់ការធ្វើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់ជាងមុន។ កម្មវិធីនេះ នឹងគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការសម្រេចបាននូវមហិច្ឆតា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទេសចរណ៍ ដែលផ្តោតលើទិន្នន័យ និងការច្នៃប្រឌិតឌីជីថលដំបូងគេបង្អស់។
ជាមួយគ្នានេះ VISA ក៏នឹងកំពុងពន្លឿនការទូទាត់តាមរយៈឌីជីថលក្នុងវិស័យទេសចរណ៍ ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានចាប់ផ្តើមដោយធនាគារជាតិនៃកម្ពុជា តាមរយៈការអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App»។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា អត្រាកំណើនភ្ញៀវទេសចរអន្តរជាតិ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ រកចំណូលបានប្រមាណជា ១,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ចូលទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឆ្នាំ២០២២ វិស័យទេសចរណ៍ ទទួលបានប្រាក់ចំណូលសរុបចំនួន ១,១៤ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារក្នុងស្រុកបាន ១២,៤ ភាគរយ នៃការងារសរុប ហើយកាលពីឆ្នាំ២០២៣ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាង ៥,៤ លាននាក់។ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៦ លាននាក់ក្នុងឆ្នាំ២០២៤នេះ។
លោក Arturo Planell ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa មានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជា។ ការដឹកនាំរបស់ក្រសួង គឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយក្រុមហ៊ុន VISA ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការជួយពន្លឿននូវកិច្ចខិតខំប្រឹងប្រែងទាំងនោះ។
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “យើងទទួលស្គាល់ក្រុមហ៊ុន VISA ជាដៃគូសហការដ៏សំខាន់ក្នុងការជួយយើងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ឌីជីថលលំដាប់ពិភពលោក និងប្រើប្រាស់ទិន្នន័យដ៏ទូលំទូលាយរបស់ក្រុមហ៊ុន VISA ដើម្បីផ្តល់បទពិសោធន៍ប្រកបដោយភាពងាយស្រួល និងជឿនលឿនសម្រាប់ភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះ ក៏ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក ក្នុងការទទួលយកដំណោះស្រាយការទូទាត់ទំនើបផងដែរ។
តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបង្ហាញផងដែរពីការចំណាយលើវិស័យទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន និងឥណ្ឌា មានការកើនឡើងគួរឲ្យកត់សម្គាល់បន្ទាប់ពីជំងឺរាតត្បាត ដែលការណ៍នេះក្រុមហ៊ុន Visa ក៏សង្ឃឹមថានឹងអាចជួយជំរុញកំណើនឲ្យកាន់តែលឿន ដើម្បីគំាទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្តីពី «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»។
ក្រុមហ៊ុន VISA បានចាប់ដៃគូជាមួយក្រុមប្រឹក្សាទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមកំណើនរបស់ពួកគេ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន VISA និងក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានចុះហត្ថលេខាលើភាពជាដៃគូរយៈពេល ៣ឆ្នាំ លើការស្រាវជ្រាវ និងវិភាគរួមគ្នា និងភាពជាដៃគូទីផ្សារ។ ក្រុមហ៊ុន Visa ក៏បានសហការ ជាមួយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ក្នុងការបង្កើនការទទួលយកការទូទាត់តាមរយៈឌីជីថល ក្នុងទីក្រុងបាងកក និងទីក្រុងចំនួនប្រាំផ្សេងទៀតក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ផងដែរ។
ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ច ដ៏រឹងមាំនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ៦ភាគរយ នៅឆ្នាំ២០២៤ កម្ពុជាបានបង្ហាញនូវឱកាសជាច្រើនលើការពង្រីកវិស័យទេសចរណ៍របស់ខ្លួន។ ទស្សនវិស័យវិជ្ជមាននេះ ត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេស។ បន្ថែមលើកំណើននេះ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបបញ្ចប់ការសាងសង់កាលពីខែតុលា ឆ្នាំ២០២៣ កន្លងមកនេះជាដើម។ កត្តាទាំងអស់នេះមិនត្រឹមតែអនុញ្ញាតឱ្យយន្តហោះខ្នាតធំអាចចុះចតបាន និងបង្កើនជើងហោះហើរកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះទេ តែវាក៏បានបង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបសម្រាប់ភ្ញៀវអន្តរជាតិផងដែរ។
(ប្រភព៖AKP)