ព័ត៌មានជាតិ

ប្រធានអង្គការ ICAPP ទទួលយកការណែនាំរបស់សម្ដេចតេជោ សម្រាប់មហាសន្និបាត ICAPP លើកទី ១២ នៅភ្នំពេញក្នុងខែវិច្ឆិកាខាងមុខ

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោក Jung Eui-Yong ប្រធានអង្គការ ICAPP បានទទួលយកការណែនាំរបស់សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្រាប់ការរៀបចំមហាសន្និបាត ICAPPលើកទី១២ នៅភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខ។

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក Jung Eui-Yong បានលើកឡើងថា លោកមានក្តី​សប្បាយរីករាយយ៉ាងខ្លាំង និងមោទនភាពបំផុត ដែល​សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យជួបសំដែងការគួរសម ក្នុងឱកាសដែលសម្ដេចអញ្ជើញមកសាធារណរដ្ឋកូរ៉េ។

លោក គូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្ដេចតេជោ នៅពេលនេះ បានធ្វើឱ្យប្រជាជនកូរ៉េមានការសប្បាយរីករាយ និងចូលរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Jung Eui-Yong ក៏បានសម្ដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានគាំទ្រ ក្រុមការងាររបស់ ICAPP ក្នុងការរៀបចំ មហាសន្និតបាត ICAPP លើកទី១២ នៅប្រទេសកម្ពុជា និង សូមអរគុណចំពោះ ការទទួលគណៈប្រតិភូ របស់ ICAPP ​នៅរាជធានីភ្នំពេញ យ៉ាងកក់ក្ដៅនាពេលកន្លងទៅនេះ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការរៀបចំសម្រាប់មហាសន្និបាត ICAPP លើកទី១២ នៅខែវិច្ឆិកាខាងមុខនេះ។

សម្តេចបានគូសបញ្ជាក់ថា ​ក្នុងរយៈពេលនៅមហាសន្និបាត ICAPP ទាំង១២ លើកនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះចំនួន ២លើក។ សម្ដេចក៏បានសម្ដែងការរីករាយផងដែរ ដោយដំណើរការរៀបចំបានប្រព្រឹត្តទៅរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ។

សម្ដេចតេជោ បានបញ្ជាក់ផងដែរថា ប្រធានសន្និសីទត្រូវបានប្រគល់ជូនទៅសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស ។

សម្ដេចតេជោ ក៏បានណែនាំឱ្យលោកប្រធាន ICAPP និងក្រុមការងារយកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេស គឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសំដី ឱ្យស្របតាមកាលៈទេសៈ និងទទួលយកបានទាំងអស់គ្នា។

លោកប្រធាន ICAPP បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវអនុសាសន៍ណែនាំ និងយោបល់ល្អៗ ហើយលោកក៏បានសង្កត់ធ្ងន់ថា ស្ថានការណ៍ពិភពលោកនៅពេលបច្ចុប្បន្ននេះ ស្មុគស្មាញ និងពុំងាយស្រួលនោះទេ។

លោកនឹងយកពាក្យសម្ដី និងការណែនាំរបស់សម្ដេចតេជោ ជាគោលនិងមានការប្រុងប្រយ័ត្ន ហើយបានឯកភាព រាល់ប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហើយប្ដេជ្ញាថា នឹងខិតខំដើម្បីរៀបចំ ឱ្យមហាសន្និបាត ICAPP លើកទី១២ នៅភ្នំពេញ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយICAPP ប្រកាន់នៅជំហរកណ្ដាល បើកចំហដោយមិនប្រកាន់បក្ខពួក ឬប្រទេសណានោះទេ ហើយមិនប្រកាន់ខ្ជាប់នូវមនោគមន៍វិជ្ជាណានោះដែរ។

លោកបានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំ ICAPP គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីសន្តិភាព រក្សាអ្វីដែលជាគោលដៅដើម របស់ ICAPP ហើយរីករាយ​ដែលសម្ដេចតេជោ ធ្វើជាប្រធានកិត្តិយស ICAPP។

លោកបានមានប្រសាសន៍ថា លោកបានជួបជាមួយសម្ដេចធិបតី ពីរដងមកហើយ និងបានគិតថា ពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជាពីសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន ហើយបន្តទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាកូន ដឹកនាំបានល្អបន្តទៀត៕

To Top