ភ្នំពេញ ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញបំណង ចាប់ផ្ដើមដំឡើង រថយន្តអគ្គិសនី នៅកម្ពុជានាពេលខាងមុខ ។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងជំនួប អាហារថ្ងៃត្រង់ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល ដែលរៀបចំដោយ លោក Kim Jin-pyo អតីតប្រធានសភា នៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបអាហារថ្ងៃត្រង់ការងារ នេះលោក Kim Jin-pyo ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ពីព្រោះ រថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។
លោកបានបញ្ជាក់ថា រថយន្តអគ្គិសនី ដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថា ពិភពលោកសព្វថ្ងៃ ងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី មិនខ្លាំង តែយើងសង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។
លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចថា ក្រុមហ៊ុនរបស់ លោកសព្វថ្ងៃ បានចាប់ផ្តើមដំណើរការនៅកម្ពុជា និង មានបំណងដំឡើងរថយន្តនៅកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង។ សម្រាប់ដំណើរការរបស់ក្រុមហ៊ុននេះ លោក ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញដល់ពួកគេ។
សូមបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសពេលសម្តេចធិបតី បំពេញទស្សនកិច្ច ហើយក៏បានទទួលការ យល់ព្រមឯកភាពពី សម្ដេចធិបតី ឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្ត ឱ្យមានការបង្កើតរោងចក្រផលិត រថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជា ជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់ នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញ ទៅក្រៅប្រទេសថែមទៀត។ ក្រុមហ៊ុនCamko Motor ក៏មានបំណងពង្រីកសកម្មភាព ផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀត។
លោកប្រធានក្រុមហ៊ុន Camko Motor បានសន្យា ជាមួយសម្ដេចតេជោថា លោកនឹងខិតខំធ្វើការឱ្យអស់ លទ្ធភាព សម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជំនួបអាហារការងារថ្ងៃត្រង់នេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ក្នុងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីជំរុញ ការអភិវឌ្ឍ ប្រទេសកម្ពុជា នៅពេលអនាគត ជាមួយនឹងបច្ចេកវិទ្យាទំនើប និងក្លាយជាទីផ្សារផលិត រថយន្តអគ្គិសនី ដើម្បីប្រើប្រាស់នៅក្នុងប្រទេសផង ក៏ដូចជាសម្រាប់ការនាំចេញ ទៅបណ្ដាប្រទេសនានាផងដែរ ៕