ព័ត៌មានជាតិ

កម្ពុជាគ្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវករ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជា មានគម្រោងធ្វើច្បាប់ ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវករនាពេលខាងមុខនេះ។

នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងពិចារណាលើបញ្ហានេះ យ៉ាងហ្មត់ចត់បំផុត ព្រោះថា «អ្នកប៉ុនប៉ងបំផ្លាញសុខសន្ដិភាព នៅតែមាន នៅឡើយ»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំគួរតែត្រូវបាននិយាយនៅទីនេះថា ប្រហែលជា កម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្ម នៅពេលខាងមុខ។ យើងកំពុងតែពិចារណាទៅលើបញ្ហានេះ ព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្ដិភាពរបស់យើង ក៏នៅតែមាននៅឡើយ»។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍ផងដែរថា មូលដ្ឋានជ័យជម្នះ ៧មករា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ជាពិសេសសិទ្ធិនៃការមានជីវិតរស់នៅ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេច បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដី ទាំងស្រុងចាប់ពីចុងឆ្នាំ ១៩៩៨ មកតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានលើកដែរថា ការស្តារ និងកសាងសង្គមសេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ឱ្យរស់ ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយចីរភាព និងសមធម៌ ធ្វើឱ្យសង្គមជាតិមានការផ្លាស់ប្តូរមុខមាត់ដែលពុំអាចគិតស្មាន។ សម្តេច បានបញ្ជាក់ថា «ប្រទេសជាតិមួយ ត្រូវតែជាម្ចាស់ការលើប្រទេសរបស់ខ្លួន លើជោគវាសនារបស់ខ្លួនឯង សន្តិភាពមិនអាចរក្សាបានទេ»៕

To Top