ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ថា ទោះបីជាសម្ដេច នៅមានសុខភាពល្អ ដែលអាចបន្តធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ដែលជាការដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង។
ក្នុងជំនួបទ្វេភាគី ក្នុងទឹកដីសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ លោក បាន គីម៉ូន និងសម្ដេចតេជោ បានរំលឹកនូវអនុស្សាវរីយ៍ដែលបានធ្វើការងារជាមួយគ្នា ហើយលោកក៏បានអរគុណ សម្តេចតេជោ និងកម្ពុជា ដែលបានគាំទ្រអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែលលោកនៅជាអគ្គលេខាធិការ។ លោកបានមានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជានិងកូរ៉េ មានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។
លោកបាន គីម៉ូន បានបញ្ជាក់ថា សម្ដេចតេជោគឺជាមេដឹកនាំដែលនាំឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានា ក្នុងតំបន់អាស៊ាន។
សម្ដេចតេជោ បានរំលឹកថា អ្វីដែលជាស្នាដៃរបស់លោក បាន គីម៉ូន គឺការសម្រេចបាននូវអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និង បានចូលរួមចំណែកដល់ការរក្សាបាននូវសុខសន្តិភាព សម្រាប់កម្ពុជា និងការរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្ដេច បានរំលឹកថាលោក បាន គីម៉ូន គឺជាភ្ញៀវទី១ ដែលសម្ដេចបានទទួលក្រោយ ពីការសាងសង់វិមានសន្តិភាព នៅរាជធានីភ្នំពេញ។
សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោក បាន គីម៉ូន និងសាធារណរដ្ឋកូរ៉េ ដែលបានខិតខំជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយ សម្ដេច សង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយ ដែលឆ្លងកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។
សម្ដេច បានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសយើងទាំងពីរពង្រីកសក្តានុពល ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
ជាទីបញ្ចប់ លោក បាន គីម៉ូន ជូនពរសម្តេចតេជោ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ច៕