ភ្នំពេញ៖ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន បានស្នើលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ពិចារណាលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។ ការស្នើនេះ ធ្វើឡើងស្របពេលដែល នៅ៣ឆ្នាំខាងមុខ គឺជាខួបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។
ក្នុងជំនួបទល់មុខ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកYoon Suk-Yeol បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ច របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មី នៃទំនាក់ទំនងរបស់យើង។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ បានធ្វើការជាមួយគ្នាជាច្រើន បន្ទាប់ពី លោកបានជាប់ឆ្នោតជាប្រធានាធិបតី ហើយក្នុងឋានៈ សម្ដេច ជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ សម្ដេចមានការរីករាយ និងមានមោទនភាព ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យ។
សម្ដេចតេជោ ក៏បានរំលឹកផងដែរ ចំពោះការខិតខំប្រឹងប្រែង តស៊ូជំនះរាល់ឧបសគ្គប្រឈម នូវបញ្ហាជាជាច្រើន រហូតបានចាប់ផ្ដើមនូវទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ហើយបច្ចុប្បន្នមានភាពល្អប្រសើរជាលំដាប់។
សម្ដេចតេជោ ក៏បានសំដែងការរីករាយនិងវាយតម្លៃខ្ពស់ផងដែរ ដែលកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានលើកកម្ពស់ទំនាក់ទំនងដល់កម្រិតយុទ្ធសាស្ត្រ។
ទាក់ទងនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះ កម្ពុជាមានលទ្ធភាពច្រើនក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសយើងទាំងពីរ នឹងមានឱកាសជំរុញឱ្យអ្នកវិនិយោគកូរ៉េទៅបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានស្នើប្រធានាធិបតី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញ នូវចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។
សម្ដេចតេជោ សង្ឃឹមថា លោកប្រធានាធិបតី នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េ។
សម្ដេចតេជោ ក៏បានជម្រាបលោកប្រធានាធិបតីផងដែរថា លទ្ធផលនៃកិច្ចពិភាក្សាកន្លងមក ជាមួយភាគីកូរ៉េ ពិសេសអតីតប្រធានសភា និងនិងក្រុមហ៊ុន Camko Motor និង Camko Infracore សាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ ក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញពលករកម្ពុជា ដើម្បីបម្រើការងារនៅកម្ពុជានិងនៅកូរ៉េផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី ពីការសម្រេចចិត្តរបស់ សម្តេច ក្នុងការដកខ្លួនចេញពីអំណាចនីតិប្រតិបត្តិ មកអំណាចនីតិប្បញ្ញត្តិវិញ បើទោះបី សម្ដេច នៅមានសុខភាពល្អ និងមានលទ្ធភាព អាចបន្តធ្វើនាយករដ្ឋមន្ត្រី១អាណត្តិ ឬ ២អាណត្តិទៀតក៏ដោយ។ ការសម្រេចនេះ គឺជាការលះបង់ដើម្បីប្ដូរយកមកវិញ នូវសុខសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង និងចៀសវាងវិបត្តិផ្សេងៗ ដែលកម្ពុជាធ្លាប់មានពីអតីតកាល នៅពេលដែលមានការផ្លាស់ប្ដូរអ្នកកាន់អំណាចនោះ។
ជាចុងក្រោយ សម្ដេចតេជោ បានពាំនាំជូនលោកប្រធានាធិបតី នូវព្រះរាជសារអញ្ជើញពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញលោកប្រធានាធិបតី មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។
ជាកិច្ចឆ្លើយតប លោកប្រធានាធិបតី បានសម្ដែងនូវការចាប់អារម្មណ៍ខ្លាំង ដែលកម្ពុជាធ្លាប់តែទទួលរងគ្រោះ ការឈឺចាប់ តែបាននាំមកវិញនូវសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយសម្ដេចតេជោ គឺជាមេដឹកនាំដ៏សកម្មមួយរូប ក្នុងការនាំមកនូវការអភិវឌ្ឍ សម្រាប់ប្រទេសកម្ពុជា។
លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោផងដែរ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ។
លោកប្រធានាធិបតី បានសម្ដែងការរីករាយ ដោយបានឃើញថាទំនាក់ទំនង ភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្ម មានការកើនឡើងចេញលំដាប់ គួរឱ្យកត់សម្គាល់។ ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច លោក មានការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ ចំពោះវិស័យផ្សេងៗទៀត ដូចជា វិស័យយោធា ប្រតិបត្តិការរក្សាសន្តិភាព (PKO) និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។ល។
លោកប្រធានាធិបតី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសយើងទាំងពីរ បានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។លោកប្រធានាធិបតី ក៏បានរំលឹកថា ក្នុងដំណើរទស្សនកិច្ច របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋកូរ៉េ កាលពីឧសភាកន្លងមក រដ្ឋាភិបាលកូរ៉េ បានបង្កើនចំនួនឥណទាន ODA ដើម្បីការអភិវឌ្ឍកកម្ពុជា បន្ថែមទៀតផងដែរ។ ក្រៅពីនេះ កម្ពុជា គឺជាដៃគូពេញលេញ របស់សាធារណរដ្ឋកូរ៉េ នៅក្នុងទំនាក់ទំនងនានា ក្នុងក្របខណ្ឌអាស៊ានផងដែរ។
លោកប្រធានាធិបតី ក៏បានសំដែងនូវការដឹងគុណ សម្តេចតេជោ ចំពោះទំនាក់ទំនងនេះ និង បន្តពឹងផ្អែកលើតួនាទី របស់សម្តេចតេជោ នៅក្នុងក្របខ័ណ្ឌពហុភាគីនេះ។
ជាចុងបញ្ចប់ លោកប្រធានាធិបតី បានស្នើសម្ដេចតេជោប្រធានព្រឹទ្ធសភា ពាំនាំថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា នូវការសួរសុខទុក្ខ និងការទទួលយកការអញ្ជើញ របស់ព្រះករុណាព្រះមហាក្សត្រ ដោយរីករាយបំផុត និងបានជូនពរ សម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ៕