ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ៧៩៣នាក់។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ ប្រកាសសមាសភាពអនុគណៈកម្មការទី២ និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានរាយការណ៍សង្ខេបអំពីលទ្ធផលការងារ អនុវត្តសុវត្ថភាពចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ដោយគ្រោះថ្នាក់កើតឡើងចំនួន ១៥៣៤លើក ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅពេលយប់មាន ចំនួន៥៥ភាគរយ មានការថយចុះ១៤លើក ស្មើនិង១ភាគរយ អ្នកស្លាប់មានចំនួន ៧៩៣នាក់ កើន៣៧នាក់ស្មើនិង៥ភាគរយ មានអ្នករបួសចំនួន២១១៦នាក់ របួសធ្ងន់១២៣៤នាក់ កើន៤៤នាក់ស្មើ២ភាគរយ។
លោកឧត្តមសេនីយ៍ឯក បានកត់សម្គាល់មូលហេតុករណី គ្រោះថ្នាក់បណ្តាលមកពីល្បឿន ៤០ភាគរយ មិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៧ភាគរយ កត្តាយានយន្ត៤ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង៣ ភាគរយងងុយគេង១ភាគរយ មិនគោរពសញ្ញាចរាចរណ៍១ភាគរយ អាកាសធាតុ១ភាគរយ និងអ្នកថ្មើរជើង១ភាគរយ។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បន្តថា ក្នុងនោះករណីគ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន៦លើក បណ្តាលឱ្យមានអ្នកស្លាប់១នាក់ របួស១៣៩នាក់ ធ្ងន់៣៤នាក់ គ្រោះថ្នាក់លើផ្លូវល្បឿនលឿនមានចំនួន១១០ករណី ក្នុងនោះនៅពេលយប់៤៤ករណី បណ្តាលឱ្យមានអ្នកស្លាប់៨នាក់ របួស៣០នាក់។ ក្នុងចំណោមសំណុំរឿងទាំងនេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការ៧៦៨ករណី ដោះស្រាយបញ្ចប់៤ករណី និងបន្តអង្កេត៥១ករណី បញ្ជូនជនល្មើសទៅតុលាការចំនួន៧១នាក់។
ក្នុងចំណោមអ្នកស្លាប់រួមមានអ្នកជិះម៉ូតូ ៧៩ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព៦៧ភាគរយ គ្រោះថ្នាក់កើតឡើងច្រើននៅក្នុងរាជធានីភ្នំពេញ មានចំនួន៤៥០លើក ខេត្តកណ្តាល១៣០លើក ខេត្តព្រះសីហនុ១២៩លើក។ ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនមានចំនួន ១១រាជធានីខេត្តគឺ កណ្តាល ស្វាយរាង សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ឆ្នាំង ប៉ៃលិន ព្រះសីហនុ បន្ទាយមានជ័យ កែប និងកំពង់ធំ។
លោក ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានឱ្យដឹងទៀតថា លទ្ធផល នៃការរឹតបន្តឹងច្បាប់សមត្ថកិច្ច បានធ្វើការត្រួតពិនិត្យយាន្តយន្តសរុប ៨៤ពាន់២៩២គ្រឿង និងពិន័យយាន្តយន្តសរុប ៦៤ពាន់២៩៦គ្រឿង ស្មើនិង៧៩ភាគរយរកឃើញម៉ូតូដែលល្មើស ៤៨ពាន់៧០៣គ្រឿងស្មើនិង៧៦ភាគរយ រកឃើញយាន្តយន្តដែលល្មើស ១៥ពាន់៥៩៣គ្រឿង រថយន្តធន់ធ្ងន់ ៧១១គ្រឿងស្មើនិង២៤ភាគរយ៕