ភ្នំពេញ៖ សហជីព និងកម្មករនិយោជិតដែលកំពុង បម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង នៅខេត្តតាកែវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍតំបន់ព្រំដែន។

ពួកគាត់បានលើកឡើងថា ការបរិច្ចាគថវិកាចូលមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបាន កាន់តែរីកចម្រើនថែមទៀត ព្រោះមានតែការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជា ទីកន្លែងអ៊ូអរជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំ គង់វង្សជារៀងរហូតទៅ។
លោក មុំ ធែល សមាជិកសហជីព ដើម្បីសិទ្ធិការងារ ដែលប្រចាំនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង នៅខេត្តតាកែវ បាននិយាយថា ក្នុងនាមជាពលរដ្ឋខ្មែរ លោកបានគាំទ្រ និងស្ម័គ្រចិត្តចូលរួមថវិកាផ្ទាល់ខ្លួនរួមគ្នា កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

លោកបន្ថែមថា «ខ្ញុំសូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូលរួមបរិច្ចាគថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេសជាតិរបស់យើង»។
អ្នកស្រី ឆន គឹមហ៊ុយ កម្មការិនីរោងចក្រ សេឌូណូ ខេមបូ នីតធីង នៅខេត្តតាកែវបាននិយាយថា «ខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរ ទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។

អ្នកស្រី នៅ ស្រីមុំ កម្មការិនីរោងចក្រ សេឌូណូ ខេមបូ នីតធីងបាននិយាយថា៖«យើងត្រូវការអភិវឌ្ឍដើម្បីប្រជាជនកម្ពុជា ទាំងអស់រស់នៅបានសុខស្រួល ហើយកុំឱ្យគេឈ្លានពាន មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យប្រទេសជាតិយើងរីកចម្រើនទៅមុខ»។
គួររំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ជាមួយគ្នានោះ សម្តេចធិបតីក៏បានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕
