ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោរពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈម នឹងការប្រែប្រួលអាកាសធាតុ ។

នេះជាការថ្លែង របស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ កិច្ចប្រជុំលើកទី៦ ថ្នាក់ រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ កញ្ញា នៅរាជធានីភ្នំពេញ ។
លោកបណ្ឌិត អ៊ាង សុផល្លែត គូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ ទន្លេមេគង្គ ដែលកម្ពុជាធ្វើជាម្ចា ស់ផ្ទះនឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។

បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការលើកកម្ពស់គុណភាព បរិស្ថាន មានសារៈសំខាន់ ដើម្បីសុខ មាលភាព សុវត្ថិភាពរបស់ប្រជាជន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ បានជួយដល់បញ្ហា សុខភាពសាធារណៈ និងតំបន់ទាំងមូល។
លោករដ្ឋមន្ត្រីបរិស្ថានបន្ថែមថា «កិច្ចប្រជុំរដ្ឋមន្រ្តី GMS ជាឱកាសដែលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើតភាពជាដៃគូ ចែករំលែកចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅក្នុងតំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់យុវជនជំនាន់ក្រោយ»។

បើតាមលោកស្រី Fitima Yasmin អនុប្រធានធនា គារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង សក្តានុពលសេដ្ឋកិច្ច។
លោកស្រីបានបន្ថែមថា យ៉ាងណាក៏ដោយ វាក៏ជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះផល ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមដែលកំពុងជួបមានការកើនឡើងសីតុណ្ហភាព និងការ ប្រែប្រួលអាកាសធាតុជាដើម។ ADB ទទួលស្គាល់នូវតម្រូវការសំខាន់ សម្រាប់សកម្មភាពបន្ទាន់ និងរួមគ្នា ។ ការប្តេជ្ញាចិត្ត របស់យើងក្នុងការជួយដល់ប្រទេស GMS ក្នុងដំណើររបស់ពួកគេ ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ ។

អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែងទៀតថា «ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់ នឹងអាកាសធាតុ និង និរន្តរភាពបរិស្ថាន ទៅក្នុងគ្រប់ផ្នែក នៃផែនការអភិវឌ្ឍន៍ គោលនយោបាយ និងការវិនិយោគរបស់យើង។ អាស្រ័យហេតុនេះ ADB បានប្តេជ្ញាបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០» ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការរួមពីសំណាក់គណៈប្រតិភូ រដ្ឋមន្រ្តីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិក នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំប្រកបដោយនិរន្តភាព បរិស្ថាននៅពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និងធនធានធម្មជាតិ ជាពិសេស យុទ្ធសាស្ត្រចក្រា លើវិស័យបរិស្ថាន២០២៣ ដល់២០២៨ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ៣សំខាន់ ភាពស្អាតលើដី ភាពស្អាត ក្នុងដែនទឹក ភាពស្អាតដែនអាកាស រួមជាមួយការប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតកម្ពុជា ក៏ដូចជាតំបន់មួយប្រកបដោយនិរន្តភាព៕
