ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ៖ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាលកំពុងបន្តបេសកកម្មយ៉ាង សកម្មលើការបណ្តុះបណ្តាលយុវជននៅទូទាំងប្រទេស

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស។ ក្នុងនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួនជាង ៥៧ ០០០នាក់ (ស្រីចំនួនជាង ២១ ០០០នាក់) ដោយយុវជនទាំងនោះទទួលបានការចុះហាត់ការ និងមានការងារធ្វើជាបន្តបន្ទាប់ ក្រោយបញ្ចប់ការសិក្សារបស់ខ្លួន។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញជិត ៦មុឺននាក់ ក្នុងនោះសិស្សកំពុងរៀនចំនួន ជាង ២៣ ០០០នាក់ និងសិស្សបានបញ្ចប់ការសិក្សាសរុបចំនួនជាង ៧ ១០០នាក់។


លោករដ្ឋលេខាធិការបន្ថែមថា ចាប់តាំងពីបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។


លោករដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

លោកបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

To Top