កណ្ដាល ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និង លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងចំនួន៥ខ្សែ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្ដាល។


ផ្លូវទាំង៥ខ្សែរួមមាន៖
-ខ្សែទី១៖ប្រវែង ២,០១គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ទទឹង ៥ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិវិហារសួគ៌ត្បូង ទៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានលូមូលចំនួន ១៣កន្លែង។

-ខ្សែទី២៖ប្រវែង ០,៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ទទឹង ៥ម៉េត្រ ចិញ្ចើមសងខាងផ្លូវ ១ម៉ែត្រ តភ្ជាប់ពីភូមិឈូក ទៅភូមិថ្មី ឃុំសន្លូង ស្រុកខ្សាច់កណ្ដាល។

-ខ្សែទី៣៖ មានប្រវែង ១,៣៤គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង មានទទឹងប្រវែង ៥ម៉ែត្រ ចិញ្ចើមសងខាងផ្លូវប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិព្រៃចាស់ ទៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានលូមូលចំនួន ៥កន្លែង ។


-ខ្សែទី៤៖ប្រវែង ៣,៩៨គីឡូម៉ែត្រ ទទឺង ៥ម៉ែត្រ ចិញ្ចើមសងខាងមានប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៣,១៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ០,៨៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិវត្តចាស់ ឃុំព្រែកដំបង ទៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល មានលូមូលចំនួន ៤កន្លែង ។
-ខ្សែទី៥៖ប្រវែង ៦,៥៩គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសាខាងប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBSTប្រវែង ៥,៣៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ១,២៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិក្រោលគោ ឃុំសំបួមាស ទៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល មានលូមូលចំនួន ៣កន្លែង ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយលោករដ្ឋមន្រ្តី បានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។

លោករដ្ឋមន្រ្តី បានជម្រាបជូនពីការយកចិត្តទុកដាក់ លើការស្ថាបនាផ្លូវជនបទ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមតាំងបានផ្ដាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សា សមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង ៕


