ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការអំពាវនាវឱ្យព្យូរ​ ការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនផ្តល់តម្លៃដល់ឆន្ទៈ និងការឯកភាពរួម របស់តួអង្គពាក់ព័ន្ធ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន លើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈ និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា ខណៈការអំពាវនាវឱ្យព្យូរ​ ការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនផ្តល់តម្លៃដល់ឆន្ទៈ និងការឯកភាពរួមរបស់តួអង្គនិងអ្នកពាក់ព័ន្ធ​ ។

យោងតាមការលើកឡើង របស់លោក ទេព អស្នារិទ្ធ តាមរយៈសារអេឡិចត្រូនិក នាថ្ងៃទី១៤ កញ្ញានេះ បានគូសបញ្ជាក់បន្ថែមថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន​ ត្រូវបានសាទរ ទទួលយកមុននឹងត្រូវបានប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ”។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ បានរំលិចបន្ថែមថា “ការឯកភាពរួម ការទទួលស្គាល់ភាពចាំបាច់ និងការសាទរពីសំណាក់តួអង្គទាំងអស់ ក៏បានស្តែងចេញផងដែរ ក្រោយពេលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ គឺតាមរយៈសំណើពីអ្នកសារព័ត៌មានទាំងអាជីព និងមិនមែនអាជីព អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានជាច្រើន មកកាន់ក្រសួងព័ត៌មាន ដើម្បីទទួលបាននូវកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួង បានបោះពុម្ពសម្រាប់ចែកជូន ដោយឥតគិតថ្លៃ។ ដូច្នេះ អាកប្បកិរិយារបស់អ្នកជំនាញ របស់អង្គការសហប្រជាជាតិពេលនេះ ជាបរាជ័យដ៏ធំមួយ ហើយពុំបានផ្តល់តម្លៃ ដល់កិច្ចខិតខំរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីរបស់ខ្លួន ក្នុងការសម្របសម្រួលដំណើរការរៀបចំ នីតិវិធីក្នុងការតាក់តែង ពិគ្រោះយោបល់ និងការប្រមូលធាតុចូលពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធដែលបានចូលរួម”។

ក្នុងនោះ លោក ទេព អស្នារិទ្ធ បានរៀបរាប់ថា “ការរៀបចំឱ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង បានឆ្លើយតបទៅនឹងសំណូមពរ ពីសំណាក់អ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ដោយបានស្នើមកក្រសួងព័ត៌មាន ឱ្យសម្របសម្រួលនីតិវិធីក្នុងការរៀបចំ នូវគោលការណ៍រួម និងបានគាំទ្រដល់ភាពចាំបាច់ ក្នុងការធានាសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងលើកកម្ពស់គុណតម្លៃ នៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា”។

លោកបានអះអាងថា “ការថ្លែងរបស់អ្នកជំនាញ របស់អង្គការសហប្រជាជាតិ ពុំបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ អំពីសារៈសំខាន់ នៃដំណើរការរៀបចំ និងនីតិវិធីពិគ្រោះយោបល់ ដែលបានប្រព្រឹត្តទៅ ប្រកបដោយការបើកទូលាយ បរិយាបន្ន និងការចូលរួមយ៉ាងផុលផុស ពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការទាំងមូល រយៈពេលចំនួនប្រមាណ ៤ខែ គឺចាប់ពីខែមេសា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃប្រកាសដាក់ឱ្យអនុវត្ត។ អ្នកដែលបានចូលរួមទាំងអស់ ក្នុងដំណើរការនេះ បានចាត់ទុកការរៀបចំនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ​ សម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍។ មិនតែប៉ុណ្ណោះតួអង្គពាក់ព័ន្ធទាំងអស់ ប្រមាណ៥៥០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលា ចំនួនពីរលើកធំៗ បានផ្តល់មតិយោបល់ ទាំងសំណេរនិងដោយផ្ទាល់ លើកឡើងជាសំណូមពរ ក្នុងការពិភាក្សានានា ព្រមទាំងបានចូលរួមផ្លាស់ប្តូរយោបល់គ្នា យ៉ាងទូលំទូលាយ ដើម្បីផ្តល់ធាតុចូលដល់ដំណើរការ រៀបចំទាំងមូលចាប់តាំងពីពេលបើកដំណើរការដំបូង រហូតដល់ទទួលបានលទ្ធផល គឺ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់កម្ពុជា”។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌នេះជាសមិទ្ធផលមួយដ៏សំខាន់ សម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍ រួមចំណែកក្នុងការបន្តលើកកម្ពស់ សេរីភាពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញនេះជាគោលការណ៍គ្រឹះកំពូល នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់និយាមអប្បបរមា ក្នុងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកប្រកបអាជីពសារព័ត៌មាន ដើម្បីធានាសុខដុមនីយកម្ម និងសង្គតិភាពនៃក្រមសីលធម៍វិជ្ជាជីវៈ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក៏ជាវិធានមគ្គុទេសន៍សម្រាប់ជួយតម្រង់ទិស លើក្រមសីលធម៌ និងការទទួលខុសត្រូវសង្គមរបស់អ្នកផ្សាយព័ត៌មាន ដែលមិនមែនជាអ្នកសារព័ត៌មានអាជីពផងដែរ ក្នុងគោលបំណងធានាសន្តិសុខព័ត៌មាន លើកកម្ពស់ការការពារសិទ្ធិ អ្នកប្រើប្រាស់ក្នុងសង្គម និងធានាសណ្តាប់ធ្នាប់ ក្នុងសកម្មភាពវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច” ។

សូមរំលឹកថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំពុងត្រូវបានអនុវត្តសព្វថ្ងៃ ត្រូវបានរៀបចំតាក់តែងឡើង ដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំសំខាន់ៗរួមមាន៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន, ច្បាប់ស្តីពីរបបសារព័ត៌មាន, ច្បាប់ពាក់ព័ន្ធនឹងសិទ្ធិ និងការការពារអ្នកប្រើប្រាស់, កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, សេចក្តីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្ស, អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងវិស័យព័ត៌មាននិងសោតទស្សន៍, គោលការណ៍ណែនាំ របស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានពាក់ព័ន្ធនានាផ្សេងទៀត៕

To Top