ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ស្នើឱ្យម្ចាស់រោងម៉ាស៊ីន កិនស្រូវក្នុងស្រុក ជួយប្រមូលទិញ ស្រូវពីកសិករបន្ថែមទៀត

ភ្នំពេញ ៖ នៅក្នុងឱកាសចុះពិនិត្យ មើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញ ស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្នើសុំឲ្យរោងម៉ាស៊ីន ក្នុងស្រុក ជួយបន្តប្រមូលទិញ ស្រូវពីកសិករបន្ថែមទៀត ។

សំណើររបស់លោកបណ្ឌិត កៅ ថាច ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 និងស្រូវស្រង៉ែ ។

នៅថ្ងៃទី១៥ខែកញ្ញា ដដែលនេះ លោកបណ្ឌិតបានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវចំនួន៤ទីតាំងរួមមាន៖ ទី១. រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២. រោងម៉ាស៊ីន ហ្វាង វី ១៦៨,ទី៣. រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៊ីន ភូគគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូល ទិញស្រូវស្រង៉ែ និង OM 54 51 ពីប្រជាកសិករនៅទូទាំង ខេត្ដបន្ទាយមា នជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស ។

លោកបណ្ឌិត កៅ ថាច បានថ្លែងថា ឥឡូវរោងម៉ាស៊ីកិនស្រូវទាំងនោះកំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាមចំពោះស្រូវ OM 54 51 និងតម្លៃប្រមាណ ១២០០រៀល ក្នុង១គីឡូក្រាម ចំពោះស្រូវស្រង៉ែ។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានរម្លឹកដល់រោងម៉ាស៊ីនកិនស្រូវផងដែរដោយលើកឡើងថា បច្ចុប្បន្នកសិករបាន និងកំពុងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ ដូច្នេះរោងម៉ាស៊ីនក៏ ត្រូវត្រៀមខ្លួនសម្រាប់ការទិញស្រូវពីកសិករ ។

រោងម៉ាស៊ីនកិនស្រូវដែលលោកបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដែលមានសមត្ថភាពកិន និង កែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសមិនចាញ់ រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ ។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវ និងការដាំដុះស្រូវពូជស្រង៉ែ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បច្ចុប្បន្ននេះ ពូជស្រូវស្រង៉ែ គឺ កំពុងមានតម្រូវការទីផ្សារល្អ ដូចពូជសែនក្រអូប និងផ្ការំដួលផងដែរ។ ទីតាំងកំពុងដាំដុះស្រូវ ពូជស្រូវស្រង៉ែបានដាំដុះលើផ្ទៃដីចំនួន ២៤០ហិកតា ក្នុងចំណោមផ្ទៃដីសរុបរួមជាង ៥០០ ហិកតា។
លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត និងជំរុញឲ្យមានការផលិតស្រូវស្រង៉ែ ឲ្យបានច្រើន ដោយសារមានតម្លៃល្អ ដូចពូជសែនក្រអូប និងផ្ការំដួល ដូច្នេះត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ដូចជាការរៀបចំដី ប្រើប្រាស់ជី ជាដើមដែលនឹងជួយឲ្យកសិករអាចទទួលបានទិន្នផលខ្ពស់ផងដែរ៕

To Top