ព័ត៌មានជាតិ

សម្តេចធិបតី៖ ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅសម្រេចគោល នយោបាយ ផែនទីបង្ហាញផ្លូវ ទៅកាន់ការគ្រប់ដណ្តប់ ​សុខភាពជាសកល នៅឆ្នាំ២០៣៥ រាជរដ្ឋាភិបាល បានអនុវត្តវិធាន គន្លឹះ៣ ដែលក្នុងនោះការកសាងភាពជាដៃគូរឹងមាំ ក្នុងវិស័យសុខាភិបាល សាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត​ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ទៅកាន់ការគ្រប់ដណ្តប់​សុខភាពជាសកល នៅឆ្នាំ២០៣៥ ដែលមានគោលដៅ៣ ។ ទី១. ការពង្រីកវិសាលភាព គ្រប់ដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារ សង្គម ឱ្យបាន៨០%នៃចំនួនពលរដ្ឋសរុប ។ ទី២. សន្ទុះនៃការគ្រប់ដណ្តប់ សេវាសុខាភិបាល ជាសារវ័ន្តយ៉ាងហោចណាស់ ៨០% និងទី៣.ការកាត់បន្ថយកម្រិត ចំណាយពីហោប៉ៅផ្ទាល់ លើការថែទាំសុខភាព ឱ្យនៅត្រឹម៣៥% នៃចំណាយសរុប លើការថែទាំសុខភាព។

ដើម្បីឆ្ពោះទៅសម្រេច គោលនយោបាយខាងលើនេះ សម្តេចធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាល បានអនុវត្តវិធានគន្លឹះ៣ ទី១ ការពង្រឹងសមត្ថភាពផ្តល់សេវា នៅមូលដ្ឋានសុខភាព មជ្ឈមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ។ ទី២ អភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាល គ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការងារឆ្លើយតប និងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រោះទាំងការលើកកម្ពស់ប្រសិទ្ធិភាព នៃកិច្ចដំណើរការការមុខងារស្ថាប័ន និងទី៣ ការកសាងភាពជាដៃគូរឹងមាំ ក្នុងវិស័យសុខាភិបាល សាធារណៈ-ឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់” ។

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ថា “ការកែលម្អគុណភាព សេវាសុខាភិបាល ត្រូវធ្វើជាប្រចាំ និងជាប់មិនដាច់ សំដៅលើកកម្ពស់ គុណភាពថែទាំសេវាសុខភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជនដែលកាន់តែរីកចម្រើន” ។

សូមរំលឹកថា រាជរដ្ឋាភិបាលជាច្រើន អាណត្តិមកហើយ បានយកចិត្តទុកដាក់ជាប្រចាំ នៅក្នុងការបង្កលទ្ធភាព ឱ្យប្រជាជនមានលទ្ធភាព នៅក្នុងការទទួលសេវា ។ លទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញ សេវាសុខាភិបាលទៅមូលដ្ឋាន ការកសាងប៉ុស្តិ៍សុខភាព ការកសាសងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដែលពង្រីកជាប្រចាំ បូកផ្សំជាមួយការ កសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គឺជាកិច្ចការសំខាន់៕

To Top