ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរៀបចំរថយន្តក្រុងជិត៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើត ក្នុងនោះរថយន្ត៥៦គ្រឿង សម្រាប់ពលរដ្ឋ ដែលចង់មានដំណើរកម្សាន្ត ទៅកាន់ខេត្តទិសឦសាន ដោយឥតគិតថ្លៃ និងធ្វើឱ្យបានល្អប្រសើរដូចសព្វដង ។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន០៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និង អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងពេលបុណ្ឌភ្ជុំបិណ្ឌខាងមុខនេះ សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង រហូតទៅដល់ជិត៥០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងទទួលបានឱកាសឈប់សម្រាកពីការងារ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ដូចដែលធ្លាប់បានធ្វើអស់រយៈកាលជាយូរមកហើយ ។ ជាងនេះទៅទៀត មានរថយន្តពិសេសចំនួន ៥៦គ្រឿង សម្រាប់ធ្វើដំណើរទៅកាន់ខេត្តនៃទិសឦសាន មានដូចជាខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដែលសុទ្ធតែបម្រើជូនពលរដ្ឋ ដោយឥតគិតថ្លៃទាំងទៅទាំងមក និងថែមទាំងមានការរៀបចំជាទឹកពិសារថែមទៀតផង ។
តាមការលើកឡើងរបស់សម្តេចធិបតី ក្នុងឱកាសនោះ បានបញ្ជាក់ថា តាមអ្វីដែលសាលារាជធានីភ្នំពេញ បានរាយការណ៍ជូនសម្តេច នឹងមានរថយន្ត ៤៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត រយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្ឌភ្ជុំបិណ្ឌ ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះ មានរថយន្ត៥៦គ្រឿង សម្រាប់ដឹកជញ្ជូនឥតគិតថ្លៃដូចគ្នា ទៅលេងកម្សាន្តទៅកាន់ខេត្តនៃទិសឦសានផងដែរ ។
សម្តេចធិបតី មានប្រសាសន៍ថា “សូមឯកឧត្តម ឃួង ស្រេង ដើម្បីពិនិត្យមើលនៅក្នុងការ ជូនប្រជាពលរដ្ឋទៅតាមផ្ទះស្រុកកំណើតរបស់គាត់ លេងពេលភ្ជុំបិណ្ឌនេះ ក៏ដូចជាខេត្តនៅតាមទិសឦសាន ដើម្បីឱ្យបានសប្បាយពេលភ្ជុំបិណ្ឌនេះ ភ្ជុំបិណ្ឌធំរបស់យើង” ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សម្តេចធិបតី បានណែនាំទៅដល់អាជ្ញាធររាជធានីខេត្តទាំងអស់ ត្រូវរៀបចំបង្ការឱ្យបានខ្ពស់ តាមរយៈការពង្រឹងច្បាប់ចរាចរណ៍ជាពិសេសទៅលើអ្នកដែលបើកបរជាមួយស្ថានភាពស្រវឹង៕