កំពង់ធំ៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកបាទាល់ព្រំប្រទល់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដល់ប្រលិចច្រកែង និងពីភូមិបាឡត ដល់កំព្រាម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបនេះ ជាលទ្ធផល កម្លាំងអន្តរាគមន៍អនុវត្តបាន ២ករណី ព្រមទាំងបានចុះរុះរើបំផ្លាញចោលនូវឧបកណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន ១. របាំងស្បៃមុងចំនួន៦របាំង ប្រវែង១៨០០ម៉ែត្រ, ២. របាំងសាច់អួនក្រឡាញឹកចំនួន៨របាំង ប្រវែង២៤០០ម៉ែត្រ, ៣. ឡុកចំនួន ៤១គ្រឿង លបឬលូចំនួន៤១មាត់ បង្គោលចំនួន ២៣០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់១៦០០គីឡូក្រាម ចូលទន្លេវិញ។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទទូទៅនៅក្នុងខេត្តទាំងមូល សូមកុំប្រើប្រាស់ឧបករណ៍នេសាទដោយល្មើសទៅនឹងច្បាប់ដែលហាមឃាត់ ពីព្រោះការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ វាធ្វើឱ្យដាច់ពូជដល់មច្ឆាជាតិដែលមិនអាច បន្តពូច្រមុខទៀតបាន។
សូមបញ្ជាក់ផងដែរថា ការបង្ក្រាបរបស់មន្ត្រីជំនាញដូចជាភ្លៀងរលឹម ក៏ប៉ុន្តែបទល្មើសនៅតែកើតមានឡើងតាមក្រោយការបង្ក្រាបដដែលជាដដែល។
ដោយ សំនៀង