លោកបណ្ឌិត កៅ ថាច ត្រូវបានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំង ជាប្រធាន ដើម្បីដឹកនាំ ក្នុងការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
បច្ចុប្បន្នលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្លាយជាកូនខ្មែរដំបូងគេផងដែរ ក្នុងការដឹកនាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុង តំបន់អាស៊ី និង ប៉ាស៊ីហ្វិក ដែលជាតំណែងមួយ ដ៏មានសារៈសំខាន់ និងប្រកបដោយការប្រកួតប្រជែងនាយុគសម័យ នៃបច្ចេកវិទ្យាដ៏ជឿនលឿន ។
យោងតាមសេចក្តីសម្រេច របស់ ADFIAPកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ គឺបានប្រកាសតែងតាំងលោកបណ្ឌិត កៅ ថាច ជាឥស្សរជនថ្មី ក្នុងការដឹកនាំស្ថាប័ន គ្រឹះស្ថាន ហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយនេះ ដែលត្រូវបានគេសង្ឃឹមជឿជាក់ យ៉ាងមុតមាំ ក្នុងការលើកកម្ពស់ ធនាគារអភិវឌ្ឍន៍ទូទាំង តំបន់ និងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ ។
គួរបញ្ជាក់ថាលោកបណ្ឌិត កៅ ថាច បានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកម្ពុជា (ARDB) តាំងពីឆ្នាំ ២០១៤ ។ ក្រោមការដឹកនាំរបស់ឥស្សរជនរូប នេះ ARDB បានបោះជំហាន យ៉ាងសំខាន់ ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុ សម្រាប់វិស័យ កសិកម្ម និង អភិវឌ្ឍន៍ ជនបទ របស់កម្ពុជាដែលគាំទ្រចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។
បន្ថែមពីលើតួនាទីបច្ចុប្បន្ន លោកបណ្ឌិត កៅ ថាច ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ។ ចាប់តាំងពីឆ្នាំ ២០០៣ លោកក៏បានបម្រើការជាមជ្ឈត្តករការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
មុននឹងដឹកនាំ ARDBលោកបណ្ឌិត កៅ ថាច ក៏ធ្លាប់ជាអគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា និងក៏ជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចការរបស់លោកកន្លងមក រួមមានចូលរួមរៀបចំ និងការដឹកនាំអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០៦-២០១៥ និងឆ្នាំ ២០១១-២០២០ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ។
ក្រោយការតែងតាំងនេះដែរ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ប្រាប់បណ្តាញ សារព័ត៌មានក្នុងស្រុកថាវា នឹងអនុញ្ញាតិឱ្យរូប លោកក្នុងការចូលរួម ចំណែកបង្កើតនូវអ្វីដែលថ្មី ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៅក្នុង តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ។
«នេះជាលើកទី១ ដែលយើងមានជនជាតិខ្មែរទី១ ដែលត្រូវបានតែងតាំង ដឹកនាំសមាគមមួយនេះ បន្ទាប់ពីកម្ពុជា បានចូលជាសមាជិកអស់ រយៈពេលជាង២០ឆ្នាំមកហើយ» នេះបើតាមការបញ្ជាក់ ពីសំណាក់លោកបណ្ឌិត កៅ ថាច ។
លោកបណ្ឌិត បានថ្លែងបញ្ជាក់បន្ថែមថា ៖ «ខ្ញុំនឹងជួបពិភាក្សាជាមួយសមាជិក ក្នុងការជំរុញហិរញ្ញវត្ថុបៃតង ឬហិរញ្ញប្បទានប្រកបដោយនិរន្តភាព ដែលនេះ ជាការចាប់អារម្មណ៍របស់ខ្ញុំ ។ យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះ ការឡើងកំដៅ និងបញ្ហាប្រែប្រួលអាកាសធាតុ បានកំពុងបង្ក ជាក្តីកង្វល់ខ្លាំងណាស់ ដូច្នេះទាមទារឱ្យយើងផ្តោតលើការ ការពារបរិស្ថានឱ្យបានច្រើន» ។
ADFIAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារ ផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ ARDB បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥ ។
ADFIAP លើកឡើង ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា លោកបណ្ឌិតបានចូលរួមយ៉ាងសកម្ម នៅក្នុងក្រុមការងារអាស៊ាននានា លើការអភិវឌ្ឍន៍ទីផ្សារមូលធន រួមទាំងគំនិត ផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI) វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) និងកិច្ចខិតខំប្រឹងប្រែងសេរីភាវូបនីយកម្ម សេវាហិរញ្ញវត្ថុ។
ប្រភពដដែលនេះបន្តថា «ការចូលរួមក្នុងតំបន់ទាំងនេះមិនត្រឹមតែពង្រីកទស្សនៈរបស់ឯកឧត្តមបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យឯកឧត្តម គឺជាតួអង្គសំខាន់ក្នុងការរៀបចំគោលនយោបាយហិរញ្ញវត្ថុដែលជំរុញកិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់»។
ក្នុងនាមជាប្រធានថ្មីរបស់ ADFIAP លោកបណ្ឌិត កៅ ថាច បាននាំយកបទពិសោធដ៏សម្បូរបែប ក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារមូលធន និងធនាគារជនបទ ។ ការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ត្រូវបានគេរំពឹងថា នឹងពង្រឹងបេសកកម្មរបស់ ADFIAP ក្នុងការលើកកម្ពស់វិស័យ ហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។
លោកបណ្ឌិត កៅ ថាច ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ លោកបណ្ឌិត កៅ ថាច បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ នៅក្នុងឆ្នាំ២០០២ ដែលផ្ដោតទៅលើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ នៃសាកលវិទ្យាល័យ Bond University។
លោកបណ្ឌិត កៅ ថាច ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ចំនួន២ថែមទៀត គឺសញ្ញាបត្របណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ EU Business School ប្រទេសស្វីស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របណ្ឌិតគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១ “ដោយបានបញ្ចប់និក្ខេបបទ «តួនាទីរបស់និយ័តករមូលបត្រ ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព”៕