កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈម ដែលប្រការនេះទាមទារឱ្យមានការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និងវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផងដែរ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ លោកបានថ្លែងបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរក្នុងខែសីហាកន្លងមកនេះ មានការកើតឡើងច្រើនរហូតដល់ ១៥ករណី លើ៦ករណី បើប្រៀបធៀបទៅនឹងខែកក្កដា កើនឡើងចំនួន ៩ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតកើនឡើងរហូតដល់ ១៣នាក់ លើ៩នាក់ និងអ្នករងរបួសមានចំនួន ១៥នាក់។ ដូច្នេះនៅខណៈពេលភ្ជុំបិណ្ឌខាងមុខនេះ មានប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវច្រើន ធ្វើយ៉ាងណាត្រូវតែមានវិធានការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរកុំឱ្យមានការកើនឡើងបន្តទៀត។
លោកអភិបាលខេត្តបានបន្តថា ពាក់ពន្ធ័នឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងខែសីហាកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៣លើក បើប្រៀបធៀបនឹងខែកក្កដា ថយចុះចំនួន ១លើក។ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ចំនួន ២៣ករណី លើ១៩ករណី គឺការងារបង្ក្រាបមានការកើនឡើងចំនួន ៧ករណី ក្នុងនោះមានការបង្ក្រាប ១ករណីនៅស្រុកបាធាយ ដែលសមត្ថកិច្ចរឹបអូសបាននូវសារធាតុញៀនចំនួន ២គីឡូក្រាម រួមនឹងជនសង្ស័យបញ្ជូនទៅតុលាការ ដោយមុខសញ្ញាធំនៅខេត្តផ្សេង កិច្ចការនេះទាមទារឱ្យមានការចូលរួមសហការ ដើម្បីធ្វើការស្រាវជ្រាវបង្ក្រាបបន្តទៀត៕