ព័ត៌មានជាតិ

ឡាវ ជឿជាក់ថាកម្ពុជានឹងបន្ដចូលរួមគាំទ្រលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស

ភ្នំពេញ ៖ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនារសៀលថ្ងៃទី១៦ កញ្ញា នេះ លោក បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បង្ហាញការជឿជាក់ថា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរឡាវ ឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។

ជាការឆ្លើយតប លោកបួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរកម្ពុជា ឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ លោក ស សុខា, ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធដែលនៅតាមបណ្ដាព្រំដែនជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ ។

ក្រៅពីនេះ លោកឯកអគ្គរដ្ឋទូតឡាវ ក៏បង្ហាញភាពជឿជាក់ខ្ពស់ថា «ឯកឧត្ដមអភិសន្ដិបណ្ឌិត នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរផងដែរ»៕

To Top