ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ឱសថដ៏ស័ក្តិសិទ្ធិបំផុត ដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិត ដល់ប្រជាពលរដ្ឋ ព្រោះនយោបាយភូតកុហក សុទ្ធសឹងជាសកម្មភាព ទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ ។

ការលើកឡើងរបស់លោក ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីជាមួយ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក ប៉ែន បូណា បានបញ្ជាក់ថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗ ជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ លោក ថា «ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ ឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន»។

បើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យ បញ្ជាក់ថា «ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោល នយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផល ទាំងឡាយដែលរាជរដ្ឋាភិបាល សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិ និងប្រជាពលរដ្ឋ»។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១. ពង្រឹងការយល់ដឹងពី តួនាទីនិងភារកិច្ច របស់អ្នកនាំពាក្យ ប្រកបដោយជំនាញ និងវិជ្ជាជីវៈ ទី២. ចែករំលែកបទពិសោធកិច្ចការព័ត៌មាន និងនាំពាក្យ ទី៣. បង្កើននូវជំនាញ ក្រុមព័ត៌មាននិងអ្នកនាំពាក្យ ប្រកបដោយ វិជ្ជាជីវៈ និង ទី៤. កសាងបណ្តាញរវាងអ្នកនាំពាក្យនិងក្រុមព័ត៌មាន ។ វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រៃវែង ៕
