ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ផ្តល់គន្លឹះ ៨ ចំណុចដើម្បីកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍គន្លឹះ ចំនួន៨ ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងពិធីបើកសិក្ខាសាលាបំប៉នសមត្ថភាព ស្តីពីការអនុវត្តសៀវភៅណែនាំគ្រូបង្រៀន លើវិធីសាស្ត្រ បង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ថ្នាក់ទី៣ នៅទីតាំង សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ VVOB បានសហការគាំទ្រវិស័យអប់រំនៅកម្ពុជា ក្នុងការអនុវត្តគម្រោង «កម្មវិធីពង្រឹងការអប់រំផ្នែកគណិតវិទ្យាថ្នាក់ដំបូង ប្រកបដោយបរិយាបន្ន និងសមស្របតាមកម្រិតយល់ដឹងរបស់សិស្ស (SMILE)» ដោយផ្តោតលើមុខវិជ្ជាគណិតវិទ្យាពីថ្នាក់ ទី១ ដល់ទី៣ ដើម្បីជួយសម្រេចលទ្ធផលសិក្សារបស់សិស្ស នៅកម្រិតថ្នាក់ដំបូងឱ្យមានភាពល្អប្រសើរឡើង។

ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះចំនួន ៨ ដូចជា៖

ទី១-ប្រើប្រាស់សៀវភៅជំនួយគ្រូ ៖ សៀវភៅជំនួយគ្រូ ត្រូវបានរៀបចំឡើងយ៉ាងលម្អិត មានទាំងអស់នូវរាល់គន្លឹះនៃការបង្រៀន ដែល ត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យក្លាយជាគ្រូល្អ។ ទន្ទឹមនេះត្រូវយល់ពី ចិត្តគរុកោសល្យ យល់ពីសិស្ស (ចំណុចខ្លាំង និងខ្សោយ) និងបំប៉នដល់សិស្សដែលរៀនយឺត។

ទី២-សម្រាប់គណិតវិទ្យា៖ ត្រូវមានសម្ភារៈឧបទេស គឺ តារាង និងសម្ភារចាំបាច់ផ្សេងៗជំនួយដល់ការបង្រៀន។

ទី៣-កិច្ចតែងការ៖ ជួយឱ្យមានរបៀបក្នុងការបង្រៀនពីមួយវគ្គទៅមួយវគ្គ មេរៀនមានលំដាប់លំដោយត្រឹមត្រូវ ជួយឱ្យសិស្សងាយយល់ និងចងចាំបានយូរ។

ទី៤-ធ្វើលំហាត់ជាមួយសិស្ស និងដាក់កិច្ចការផ្ទះ ៖ ដាក់លំហាត់ឱ្យសិស្សអនុវត្តនៅផ្ទះ និងទន្ទេញមេលេខឱ្យស្ទាត់។ ធ្វើលំហាត់កាន់តែច្រើន កាន់តែចេះ ហើយជំរុញឱ្យសិស្សចងចាំដោយខ្លួនឯង។

ទី៥-ការរៀបចំសម្ភារៈឧបទេសឌីជីថល ៖ ធ្វើឌីជីថលកម្មមេរៀន ឯកសារបង្រៀន និងសៀវភៅជំនួយគ្រូ ។ ឯកសារមានច្រើនណាស់ដែលគ្រូត្រូវមើល និងសិក្សាស្រាវជ្រាវបន្ថែម បើមានជាឌីជីថល គឺងាយស្រួលក្នុងការទុកដាក់ និងរកមើលបានឆាប់រហ័ស ពិសេសគឺអាចមើលតាមទូរស័ព្ទដៃបាន។

ទី៦-សម្រាប់ក្មេងត្រូវបង្រៀនពីរូបី ទៅអរូបី ៖ ខួរក្បាលក្មេងទាមទារនូវការបង្រៀនដោយការមើលឃើញ និងប៉ះពាល់ផ្ទាល់ទើបគេអាចយល់បានល្អ និងចងចាំ ដូច្នេះត្រូវតែមានសម្ភារៈជាក់ស្ដែងដើម្បីជំនួយដល់ការ បង្រៀន។

ទី៧-មើលវីដេអូពីរបៀបបង្រៀន៖ ស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗ របស់គ្រូបង្រៀនល្បីៗ ដែលមានការទទួលស្គាល់ថាបង្រៀនបានល្អ។

ទី៨-ទីប្រឹក្សាគរុកោសល្យ៖ គឺជាអ្នកដែលមានឯកទេសច្បាស់លាស់ យល់ច្បាស់ពី វិធីសាស្ត្រ បង្រៀន ចិត្តគរុកោសល្យ ការគ្រប់គ្រងថ្នាក់រៀន របៀបប្រើប្រាស់សម្ភារឧបទេស និងជួយគាំទ្រ ផ្តល់យោបល់ពេលជួបបញ្ហាប្រឈមផ្សេងៗ ពេលចេញបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ឬនៅតាមសាលា៕

To Top