ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់អភិបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះអង្គភាព មន្ត្រីរាជការ និងបុគ្គលទាំងឡាយណា ជាប់ពាក់ព័ន្ធនឹងការរំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើដីរដ្ឋ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី-ខេត្ត នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ផ្អែកតាមលទ្ធផលសវនកម្មផ្ទៃក្នុងនៅតាមបណ្តាអង្គភាពនៅថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោម ដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធកន្លងមក ក្រសួងមហាផ្ទៃ បានពិនិត្យឃើញ ជារួមបណ្តាអង្គភាពនៅថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ បានខិតខំយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសដី និងអគារស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនបាន ល្អប្រសើរ។ ប៉ុន្តែក៏នៅមានកិច្ចការសេសសល់មួយចំនួន ស្ថិតក្នុងលក្ខខណ្ឌស្មុគស្មាញ និងពុំមានវឌ្ឍនភាព ជាវិជ្ជមាន ដើម្បីធានាបាននូវការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយចីរភាព និងនីត្យានុកូលភាពនៅឡើយ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា បណ្តាកង្វះខាត និងបញ្ហាប្រឈមជាអាទិភាពមួយចំនួន នៅពុំទាន់ត្រូវបានកែតម្រូវ ពង្រឹងបន្ថែម និងពន្លឿនការ ដោះស្រាយឱ្យបានឆាប់រហ័សនៅឡើយ រួមមាន ភាពយឺតយ៉ាវក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាដីធ្លីបញ្ចូលក្នុងបញ្ជីសារពើភណ្ឌ ការជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយបញ្ហាដី ដែលមានការជាប់ពាក់ព័ន្ធ និងភាពខ្វះចន្លោះក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាដីធ្លីមកក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងគោលបំណងជំរុញប្រតិបត្តិការការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវខ្ពស់ និងឆ្លើយតបស្ថានការណ៍បច្ចុប្បន្នបានទាន់ពេលវេលា ស្របតាមវិធានដែលមានចែង នៅក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី និងអគារស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ, ក្រសួង បានជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សូម លោក-លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យបាន ម៉ឺងម៉ាត់បំផុត ចំពោះអង្គភាព មន្ត្រីរាជការ និងបុគ្គលទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង ជាប់ពាក់ព័ន្ធនឹងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ ស្របតាមច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»៕