ភ្នំពេញ៖ លោក ឥន សុផល ដែលជាអតីតមន្ត្រីការទូតជាន់ខ្ពស់កម្ពុជា ប្រចាំប្រទេសស៊ុយអែត ចន្លោះឆ្នាំ២០១៩-២០២២ បានចេញមុខពន្យល់ ដោយបានលើកឡើងនូវអំណះអំណាង ចំនួន ៤ ចំណុចពីបិទការិយាល័យ តំណាងស្ថានទូត ស៊ុយអែតនៅទីក្រុងភ្នំពេញ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឥន សុផល បានពន្យល់ យ៉ាងដូច្នេះថា៖
១.យោងអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦១ ការបើកស្ថានទូតរវាងរដ្ឋពីរ ត្រូវមានការព្រមព្រៀងគ្នាទៅលើកម្រិតមន្ត្រីការទូត និងនិវេសនដ្ឋាន។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា និងស៊ុយអែត បានព្រមព្រៀងគ្នា បើកស្ថានទូត ដែលស្ថានទូតកម្ពុជាប្រចាំប្រទេសស៊ុយអែត មាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍ ។ ចំណែកស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា គឺមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ចំណែកការបើកការិយាល័យតំណាងស្ថានទូតស៊ុយអែត និងការិយាល័យកុងស៊ុលរបស់ស៊ុយអែត នៅទីក្រុងភ្នំពេញ ស៊ុយអែតបានដើរមួយជំហានមុនកម្ពុជា ព្រោះកម្ពុជាពុំមានបើកការិយាល័យតំណាងស្ថានទូត ឬស្ថានកុងស៊ុលនៅប្រទេសស៊ុយអែតឡើយ។ ដូច្នេះការបិទការិយាល័យតំណាងស្ថានទូតស៊ុយអែតនៅទីក្រុងភ្នំពេញ ពុំមានអ្វីចំឡែក ឬប្រែប្រួលឡើយ ។
២.ការបើកការិយាល័យតំណាងស្ថានទូត និងការិយាល័យកុងស៊ុលរបស់ប្រទេសស៊ុយអែតនៅទីក្រុងភ្នំពេញ គឺជួយសម្រួលដល់ការងារក្នុងគម្រោងអភិវឌ្ឍរបស់ស៊ុយអែតនៅកម្ពុជា និងការបើកការិយាល័យកុងស៊ុលរបស់ស៊ុយអែត គឺជួយសម្រួលដល់ទេសចរជនជាតិស៊ុយអែតនៅកម្ពុជា ។ នៅពេលគម្រោងជំនួយអភិវឌ្ឍ ផុតអាណត្តិ និងអ្នកទេសចរជនជាតិរបស់ស៊ុអែត បានធ្លាក់ចុះដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលស៊ុយអែត បានបិទការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ តែរក្សាទុនូវការិយាល័យកុងស៊ុលនោះ គឺពុំមានអ្វីប្រែប្រួលពីទំនាក់ទំងទ្វេភាគីរវាងកម្ពុជា និងស៊ុយអែតទេ ។
៣.ការបិទស្ថានទូតស៊ុយអែតនៅបរទេស ពុំមែនទើបកើតមានចំពោះតែប្រទេសកម្ពុជានោះទេ ស៊ុយអែត ក៏ធ្លាប់បិទស្ថានទូតរបស់ខ្លួននៅប្រទេសមួយចំនួននៅអាស៊ី និងអឺរ៉ុបដែរ ។
៤.បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូតជាមួយអន្តរជាតិចំនួន ១៧០ប្រទេស ក្នុងចំណោមសមាជិអង្គការសហប្រជាជាតិ ចំនួន ១៩៤ប្រទេស។ កម្ពុជាមានស្ថានទូត និងស្ថានអគ្គកុងស៊ុលនៅបរទេសជាង ៤០ នឹងមានគម្រោងបើកស្ថានទូតមួយចំនួនទៀតនៅបរទេស ដូច្នេះទំនាក់ទំនងការទូតកម្ពុជា មានតែការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ៕