ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៧៤ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM, ក្រុមហ៊ុន AC និងក្រុមហ៊ុន CBS។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជាវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។ លោកស្រី វណ្ណារី បញ្ជាក់ថាបន្តថា «មូលហេតុដែល AMK បន្តសហការជាមួយ NEA ជាប្រចាំនេះ គឺដោយសារ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយ ពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើង បានយ៉ាងទូលំទូលាយទៅដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ»។

លោកស្រី បន្តថា សម្រាប់វេទិកាការងារនាថ្ងៃស្អែកនេះ AMK នឹងនាំយកឱកាសការងារជាង ១០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើ នៅតាមបណ្តាសាខារបស់ AMK។ លោកស្រី សង្ឃឹមថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើស បុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។

វេទិកាការងារនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជន សិស្ស/និស្សិត ក្នុងការដាក់ពាក្យស្វែងរកការងារ និងសម្ភាសការងារជាមួយតំណាង ក្រុមហ៊ុនធំៗនៅមួយកន្លែងភ្លាមៗតែម្តង។

យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង៧ នេះបានដោយងាយស្រួល។

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕








