ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ហូរកាត់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ

ភ្នំពេញ ៖ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ កញ្ញា លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា « នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀង ដែលចាល់ពីផ្នែកម្ខាង ហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លីនៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកហើយ» ។

អ្នកនាំពាក្យ បន្ដថា នៅពេលនេះ ក្រុមការងារក្រមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកៀរភក់ និងលាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន នៅតែអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីសម្រួល និងបញ្ជាចរាចរណ៍។

អ្នកពាក្យ គូសបញ្ជាក់ថា «សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ»៕

To Top